(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា បេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ជិត៣០០នាក់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំផាត់សណ្តាយ។
លោកស្រី ឃួន ឃុនឌី បានកោតសរសើរក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានល្អ ប្រសើរឆ្ពោះទៅមុខទៀត ជាពិសេសនោះគឺថ្លែអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន.
លោកស្រី ឃួន ឃុនឌី បានលើកឡើងអំពីប្រវត្តិ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាង សមិទ្ធផលជាច្រើនក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកស្រី ឃួន ឃុនឌី បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឱ្យបានច្រើន។
លោក សួស យ៉ារ៉ា បានថ្លែងអំណរគុណសមាជិកទាំងអស់ដែលមានជំនឿជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេស។
លោកបន្តថា យើងគ្រប់ៗគ្នាសុទ្ធតែបានរស់រានមកដល់ថ្ងៃនេះដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយយើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់រូបភាពរបស់រាជរដ្ឋាភិបាលដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការអភិវឌ្ឍខ្លួនទៅមុខ ។ យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។ ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយដើម្បីប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។
លោក សួស យ៉ារ៉ា ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយា រួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន៕