(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាធរមាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណា ចក្រកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្ថែមថា វត្តមាននៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកបន្ថែមទៀត តាមរយៈការផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែល បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕