(ភ្នំពេញ)៖ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងយោធា នៃបញ្ជាការដ្ឋានអង្គរក្ស ចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម កំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនវៀតណាម ពិសេសនៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (Drone) ដែលបានហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាយទាហានជាន់ខ្ពស់ នៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងថា ក្រោយទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែនភ្លាម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយធ្វើការរៀបចំកម្លាំង និងសព្វាវុធ ចេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម។
នាយទាហានជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានរៀបចំសម្ភារ និងស្បៀងអាហារយ៉ាងគ្រប់គ្រាន់សម្រាប់កងកម្លាំងទាំង៥០០នាក់នេះ មិនឲ្យមានការខ្វះខាតឡើយ ក្នុងអំឡុងពេលបំពេញបេសកកម្មដើម្បីការពារដែនអធិបតេយ្យរបស់ជាតិ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក៏បានចេញសារបន្ទាន់មួយទៀត ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។
សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។
សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ។ សម្តេចក៏អំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ៕