(សៀមរាប)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» ដែលមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ មន្ត្រីអាជ្ញារធរសង្កាត់ និងរដ្ឋបាលក្រុងសរុបចំនួន ៥៥៧នាក់ បានចូលរួម នៅក្នុងបរិវេណ វិទ្យាល័យសម្តេចឪ ក្រុងសៀមរាប ។
ក្នុងអង្គវេទិកាសាធារណៈនោះ ក៏ដូចជានៅបណ្តាវេទិកាតាមស្រុកនានា លោក សួន សេរីរដ្ឋា បានលើកបង្ហាញពី ប្រវត្តិកសាងសន្តិភាព គុណតម្លៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព ជូនអ្នកចូលរួមក្នុងអង្គពិធីទាំងមូលឱ្យបានស្តាប់យល់ រួចមកបញ្ជ្រាបឱ្យយល់ដឹងអំពី «តម្លៃនៃសន្លឹកឆ្នោត» ដែលពួកគាត់ត្រៀមខ្លួនចេញទៅបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៣ កក្កដា ២០២៣ ខាងមុខនេះ ដោយធ្វើយ៉ាងណា ត្រូវរួមគ្នាបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព ប្រើសន្លឹកឆ្នោតការពារសន្តិភាព និងការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍ» ដែលជាតម្រូវការចាំបាច់របស់ប្រជាជននិងមាតុភូមិរបស់យើង។
ជាមួយគ្នានោះ លោក សួន សេរីរដ្ឋា ក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមគ្រប់គ្នាបំពេញកាតព្វកិច្ចជាពលរដ្ឋស្នូល ក្នុងការការពារសន្តិភាព ក៏ត្រូវបានរំលឹកនិងដឹកនាំឲ្យអ្នកចូលរួមទាំងអស់ លើលដៃសច្ចាប្រណិធាន ដោយការតាំងចិត្តខ្ពស់ច្បាស់លាស់ថា នឹងប្តេជ្ញាការពារសន្តិភាពដែល សម្តេចតេជោ បាននាំយកមកឱ្យប្រជាជនមាតុភូមិកម្ពុជា មិនឱ្យបាត់បង់ ឬត្រូវបំផ្លាញដោយបុគ្គលណាជាដាច់ខាត ទោះជាត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ស្មារតីគោរពស្រឡាញ់ គាំទ្រ សម្តេចតេជោ ជាសម្តេចពុក នៃប្រជាជនកម្ពុជា គឺស្ថិតនៅគង់វង្សជាអមតៈក្នុងបេះដូងរបស់កូនខ្មែរ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបតជំនាន់គឺ «សម្តេចតេជោ» ជា «សម្តេចពុក អគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា»៕