(ភ្នំពេញ)៖ ក្រុមហ៊ុន Renet Japan នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺមួយ ឆ្លើយតបចំពោះការចោទប្រកាន់ថា រឹបអូសរថយន្តពីអតិថិជនបង់រំលួស ដោយគ្មានដីការបស់តុលាការ និងគ្មានមូលហេតុច្បាស់លាស់។
តាមរយៈសេចក្តីបំភ្លឺមកកាន់ Fresh News ក្រុមហ៊ុន Renet Japan បានបញ្ជាក់ថា នាពេលកន្លងទៅ ក្រុមហ៊ុនតែងតែផ្ដល់នូវការអនុគ្រោះដល់អតិថិជនក្នុងការទូទាត់ប្រាក់មកក្រុមហ៊ុន ទាំងក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិកូវីដ-១៩ ហើយក្រុមហ៊ុនក៏បានអញ្ជើញអតិថិជនមកចូលរួមពិភាក្សាដើម្បីរកដំណោះស្រាយលើបញ្ហាផ្សេងៗផងដែរ។ ប៉ុន្តែក្នុងចំណោមនោះមានបុគ្គលខ្លះនៅតែពុំគោរព និងអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យារបស់ខ្លួន ក៏ដូចជាដំណោះស្រាយជាមួយនឹងក្រុមហ៊ុនឡើយ។ ក្រុមហ៊ុនតែងតែអនុវត្តទៅតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញលក់រថយន្ត ព្រមទាំងស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការ និងស្វែងរកដំណោះស្រាយសម្រាប់ក្រុមហ៊ុន។ កន្លងទៅ មានអតិថិជនបុគ្គលខ្លះដែលមិនបានគោរពតាមកិច្ចសន្យា និងគេចវេសពីការទទួលខុសត្រូវ បានប្ដឹងបុគ្គលិកក្រុមហ៊ុន និងប្ដឹងក្រុមហ៊ុនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីមានការពិនិត្យលើពាក្យបណ្តឹង និងភស្តុតាងនានា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចតម្កល់រឿងទុកឥតចាត់ការផងដែរ៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ក្រុមហ៊ុន Renet Japan៖