(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព និងសមិទ្ធផលនៃការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សាគាំទ្រ ដោយមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដែលគិតមកទល់សប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៣ លេខាធិការដ្ឋានមូលនិធិ ស.គ.ន. បានទទួលបានសៀវភៅស្នាដៃ នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ដែលបានរួចរាល់ជាស្ថាពរសរុបចំនួន ៨៩៥ចំណងជើង។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (មូលនិធិ ស.គ.ន.) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។

បន្ទាប់ពីការប្រកាសជាសាធារណៈនៅខែតុលា ឆ្នាំ២០២០ មកទល់បច្ចុប្បន្ន មូលនិធិ ស.គ.ន បានផ្ដល់ការគាំទ្រលើការរៀបរៀង និពន្ធ និងការកែលម្អសៀវភៅសិក្សាដែលជាសកម្មភាពជាអាទិភាពមួយក្នុងគោលដៅបង្កើនបរិមាណលើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសាសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា។

ធនធានសៀវភៅសិក្សាដែលទទួលបានការគាំទ្រជាថវិកាសម្រាប់ការរៀបរៀង និពន្ធ និងកែលម្អ រួមមាន៖ ១៖ សៀវភៅសិក្សាតាមមុខវិជ្ជាដែលប្រើប្រាស់នៅគ្រឹះស្ថានឧត្តមសិក្សា ២៖ សៀវភៅសិក្សាសម្រាប់គរុសិស្ស-និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ៣៖ សៀវភៅសិក្សាសម្រាប់ការអប់រំបច្ចេកទេស ៤៖ សៀវភៅសិក្សាគោលសម្រាប់កម្រិត មធ្យមសិក្សា ៥៖ សៀវភៅជាស្នាដៃសិស្សនៃក្លឹបអ្នកនិពន្ធនៅតាមគ្រឹះស្ថានមធ្យមសិក្សា និង ៦៖ ធនធានអំណានទូទៅ។

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន២១ បានធ្វើការស្នើសុំពិនិត្យលទ្ធភាព និងផ្ដល់ថវិកាគាំទ ដើម្បីរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សាចំនួនសរុប ១៦៥៦ ចំណងជើង។ មូលនិធិ ស.គ.ន បានពិនិត្យលទ្ធភាព និងធ្វើការគាំទ្រថវិកាសរុបចំនួន ១៥៦៥ ចំណងជើង៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖