(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុក និងលោក ជួប ចំរើន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំផ្លូវទូក និងក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិ ថុនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសារ៉ុង និងថវិកាមួយចំនួនផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូកចំនួន៥៩៥គ្រួសារ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង និងលោក ជួប ចំរើនក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំផ្លូវទូក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារជាសារ៉ុង និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិពាមខ្នង ភូមិថ្នល់ឈើទាល និងភូមិស្លត ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែ ងមានចំនួន ៥៩៥គ្រួសារ។
លោកបានបន្តឲ្យដឹងទៀតថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារប្រើប្រាស់ និងថវិកាជូនដល់ពលរដ្ឋ រស់នៅក្នុងមូលដ្ឋានក្នុងឃុំផ្លូវទូករបស់លោកខាងលើនេះ គឺមិនមែនទើបធ្វើនៅតែពេលនេះនោះទេ ក្នុងនាមលោកជាអាជ្ញាធរ និងថ្នាក់ដឹកនាំលោកតែងតែមានការយកចិត្តទុកដាក់ដល់ពលរដ្ឋរស់នៅរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងសុខទុក្ខរបស់ពួកគាត់តាំងតែពីដើមរហូតមក។
ទាំងអស់នេះក៏ជាការអនុវត្តតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកតែងបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់មូលដ្ឋាន ជាប្រចាំដោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗនៅទូទាំង៨ក្រុងស្រុក ទាំងជីវភាពរស់នៅនិងសុខមាលភាពផងដែរ។
ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើនេះដែរ ក្រុមការងារក៏បានជួយរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតឲ្យអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង មុខនេះ៕