(កំពង់ស្ពឺ)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ១៣០០នាក់ ដែលស្ថិតនៅភូមិកុមាពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ អមដំណើរដោយគណៈប្រតិភូ, អភិបាលរងខេត្ត, ភិបាលស្រុក, លោកសាស្រ្តាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង, លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា, សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងអនុប្រធានក្រុមការងារយុវជនខេត្ត និងក្រុមការងារយុវជនស្រុកភ្នំស្រួច ជាច្រើននាក់។
អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ស្ថិតនៅភូមិកុមាពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត បានបន្ថែមថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតនជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ាបណ្ឌិត បានប្រកាសគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ដោយអ្នកឧកញ៉ាបណ្ឌិតបានសង្កត់ធ្ងន់ថា អនាគតកម្ពុជានឹងមាននាយករដ្ឋមន្រ្តីវ័យក្មេង លោកបណ្ឌិត ហ៊ុនម៉ាណែត ដែលមានចំណេះដឹងមកពីបរទេស។
អ្នកឧកញ៉ាបណ្ឌិត បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន៕