(វៀងច័ន្ទ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបានអំពាវនាវប្រទេសជប៉ុន មិនឲ្យលូកដៃចូលបញ្ហាសមុទ្រចិនខាងត្បូង នោះឡើយ ព្រោះវានឹងធ្វើឲ្យជម្លោះក្នុងតំបន់នេះកាន់តែរីកធំ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ការលើកឡើងបែបព្រមានខាងលើនេះ បានធ្វើឡើងនៅក្នុងអំឡុង ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida នៅក្នុងផ្នែកមួយនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៥ ខែកក្កដា នេះតែម្តង។
លោក Wang បានសង្កត់ធ្ងន់ដូច្នេះថា «ប្រទេសជប៉ុន មិនមែនជាភាគីទាមទារសិទ្ធិអ្វី នៅក្នុងជម្លោះ សមុទ្រចិនខាងត្បូងនោះទេ ដូច្នេះជប៉ុនត្រូវចៀសរវាង ការលូកដៃចូលបញ្ហានេះ និងការបង្កឲ្យជម្លោះ កាន់តែរីកធំឡើងថែមទៀត»។ រដ្ឋមន្ត្រីការបរទេសចិន ក៏បានបញ្ជាក់ថា ប្រទេសចិនបាននិងកំពុង បង្កើតឲ្យមានសេរីភាពនៃការធ្វើនាវាចរនៅសមុទ្រចិនខាងត្បូង។
សម្រាប់ជប៉ុនវិញលោក Kishida បានសម្តែងនូវក្តីរីករាយចំពោះ ការផ្លាស់ប្តូរទៅវិញទៅមកក្នុងកម្រិតខ្ពស់ នាពេលថ្មីៗនេះ ហើយប្រទេសជប៉ុនត្រៀមខ្លួនជានិច្ច ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការជាមួយចិន លើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕