(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា តំណាងលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលស្រុកស្ទោង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះ ចំនួន២,០០០គ្រួសារ។
ក្នុងឱកាសនេះ លោក ឈឹម ច័ន្ទកុសល បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដែលបានសួរសុខទុក្ខ និងមានការនឹករលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ៗគ្រួសារ ទាំងនេះសឲ្យឃើញពីការយកចិត្តទុកដាក់ដល់សុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ។
លោក ឈឹម ច័ន្ទកុសល បានបញ្ជក់ថា ការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល លើសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលងាយរងនៅហានិភ័យ ដើម្បីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយពួកគាត់ឲ្យបានទាន់ពេលវេលា។
លើសពីនេះទៀតលោក ឈឹម ច័ន្ទកុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលស្រុកស្ទោង ដែលបានខិតខំគ្រប់មធ្យោបាយក្នុងការផ្ដល់សេវាក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈកាលកន្លងមកបានទាន់ពេលវេលា ជាពិសេសនៅក្នុងឱកាសដែលស្រុកស្ទោង បានរងគ្រោះដោយសារគ្រោះទឹកជំនន់ កាលពីចុងឆ្នាំ២០២២ កន្លងទៅ។
សូមបញ្ជាក់ថា អំណោយដែលយកមកចែកជូននោះ ក្នុងមួយគ្រួសារៗ ទទួលបាននូវសារុងមួយ និងថវិកា១០,០០០រៀល៕