(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងថា បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សរុបមានចំនួន១,១៩៣,១៤៦តោន (រួមទាំងស្រូវឆ្លងកាត់) ហើយតម្លៃស្រូវជាមធ្យមស្រូវ IR50404 តម្លៃ១,០០០រៀល ក្នុងគីឡូក្រាម ស្រូវ OM5451 តម្លៃ៩៨០រៀល ក្នុងគីឡូក្រាម ចំណូលសរុប២៨៨,៣៥៥,៩៩៩ដុល្លារ។
លោក អ៊ុក សំណាង បានបន្តថា ចំពោះផលិតកម្មដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តបានលើផ្ទៃដីព្រោះសរុប១៦៨,១៨៩ហិកតា (ស្ទូងគ្មាន) ស្មើនឹង៦៧.២៨% នៃផែនការ២៥០,០០០ហិកតា បើធៀបនិងឆ្នាំមុន ខ្ពស់ជាង២៦,៩៤២ហិកតា គិតក្នុងរយៈពេលដូចគ្នា។
លោកបានបន្តទៀតថា ចំពោះដំណាំសាកវប្បកម្មមានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប៧៩១ហិកតា ស្មើនឹង៦៦.០៣%នៃផែនការ១,១៩៨ហិកតា។ ប្រមូលផលសរុប១៤៩ហិកតា បរិមាណផលសរុប ២២៣៥តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប២,៥៥២ហិកតា ស្មើនឹង៤៧.២៦% នៃផែនការ៥,៤០០ហិកតា។ ប្រមូលផលសរុប១៥ហិកតា បរិមាណផល សរុប២៧តោន។
សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកសំខាន់២ គឺច្រកអន្តរជាតិកោះកា ស្រុកពាមជរ និងច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង៕