(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំការងារសន្តិសុខ សុវត្ថិភាព និងសណ្តាបធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហាក់ ឡេង បានលើកឡើងថា កិច្ចប្រជុំនេះសារៈសំខាន់ណាស់ ក្នុងការរៀបចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ។ ដូច្នេះត្រូវរក្សាសន្តិសុខជាសាធារណៈគ្រប់គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតនិងត្រៀមចេញឃោសនារកសម្លេងឆ្នោតរបស់គណបក្សនីមួយៗ ដូច្នេះគណៈបញ្ជាការឯកភាពខេត្ត ដែលបានរៀបចំការពារសន្តិសុខ ការពារជូនគណបក្សនយោបាយទាំងអស់។

លោកបានបន្ដទៀតថា រដ្ឋបាលខេត្តបានរៀបចំកែសម្រួល លេខាធិការដ្ឋានសន្តិសុខគណៈអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតចាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលលោកជាប្រធានបង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍ និងធ្វើជាសេនាធិការជូនលេខាធិការដ្ឋានសន្តិសុខអចិន្ត្រៃយ៍ខេត្ត សម្រាប់តាមដានប្រមូលព័ត៌មាននៅតាមបណ្តាស្រុក និងសម្រាប់រាយការណ៍ទៅថ្នាក់ជាតិ។

លោក ហាក់ ឡេង បានបន្ថែមថា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងារការពាសន្តិសុវត្ថិភាព ត្រូវពង្រឹងចាប់ពីគបក្សនយោបាយនីមួយៗ ចេញឃោសនារកសម្លេងឆ្នោត រហូតដល់បញ្ចប់ការរាប់សន្តិកឆ្នោត៕