(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង, លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិ Tech For Kids Academy លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស-និស្សិត។ ពិធីនេះ រៀបចំឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានក្តីសប្បាយរីករាយ ដែលបានចូលរួមបើកកម្មវិធី ការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដែលជាកម្មវិធីបណ្តុះបណ្តាល និងប្រកួតប្រជែងរយៈពេល១២សប្តាហ៍ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសកលលោក ដែលមានគោលបំណងលើកកម្ពស់ដល់សិស្សជាកុមារី ឬយុវនារី ចាប់ពីអាយុ ៨ ដល់១៨ឆ្នាំ ឲ្យចេះធ្វើការជាក្រុម ចូលរួមបង្កើតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗ ឆ្លើយតបទៅនឹងបញ្ហានានាដោយប្រើបច្ចេកវិទ្យាឌីជីថល និងគំនិតសហគ្រិនភាព។
លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រសំខាន់មួយគឺ ផ្តោតលើ «ការកសាងធនធានមនុស្សឌីជីថល» ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ ដើម្បីបង្កើនផលិតភាពនិងកំណើនសេដ្ឋកិច្ច សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរដល់កុមារី២ក្រុម ដែលបានឆ្លងផុតវគ្គជម្រុះកម្រិតពិភពលោកដំណាក់កាលទីមួយ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានជូនពរ ដល់សិស្សានុសិស្សទាំងអស់ ទទួលបានសំណាងល្អ សុខភាពល្អ និងជោគជ័យក្នុងការប្រកួតថ្នាក់ជាតិ ព្រមទាំងការប្រកួតប្រជែងក្នុងកម្រិតពិភពលោក។
សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន (Technovation) ២០២៣ សហការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំយុវជន និងកីឡា និង Tech For Kids Academy ព្រមទាំងមានការឧបត្ថម្ភពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមហ៊ុន Smart Axiata ដែលជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ ទៅលើការលើកទឹកចិត្តកុមារី ឬយុវតី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តោល ការអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) និង សហគ្រិនភាព ដល់កុមារីនិងយុវតី។
កម្មវិធីតិចណូវេសិន ២០២៣ បានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់មកសមាគមន៍ Technovation Cambodia ក៏បានរៀបចំការបង្រៀនរយៈពេល ១២សប្តាហ៍ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលក្នុងនោះ មានក្រុមនារី១៩ក្រុម សរុប ២៥៧នាក់ មកពី ៦៦សាលា រដ្ឋនិងឯកជន មកពី១៥ ខេត្តក្រុង និង ៩ក្លឹប ព្រមទាំងគ្រូបង្គោល ៤៥នាក់។ មិនតែប៉ុណ្ណោះ នៅតាមបណ្តាខេត្តគោលដៅរបស់ Technovation ដូចជាខេត្តកំពង់ចាម និងបាត់ដំបង ក៏បានបង្រៀនទៅក្រុមសិស្សនារី ដោយមានការណែនាំពីគ្រូបង្គោលផងដែរ៕