(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន៦៩គ្រួសារ នៅក្នុងភូមិចំនួន៥ មានភូមិដា ភូមិល្វា ភូមិអណ្ដូងរនុក និងភូមិជើងគ្រោះ ឃុំស្វាយរំពារ ឃុំត្រងិល នៃស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានមកប្រមូលផ្ដុំគ្នា នៅក្នុងឃុំស្វាយរំពារ ដើម្បីសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ដែលបានបោកប្រាស់ពួកគាត់គិតជាប្រាក់អស់ជាង១លានដុល្លារ រឿងទិញដីឡូត៍របស់ក្រុមហ៊ុននេះកន្លងមក។

លោក ម៉ៃ មឿន អាយុ៣៨ឆ្នាំ និងលោកស្រី ភា ស្រីម៉ៅ អាយុ៤៥ឆ្នាំ តំណាងប្រជាពលរដ្ឋទាំង៦៩គ្រួសារ បានប្រាប់់ថា ពួកគាត់ទាំង៦៩គ្រួសារ បានចាញ់បោកក្រុមហ៊ុនឧកញ៉ា ជា សារ៉ន លក់ដីឡូត៍នៅខេត្តកំពត សរុបអស់ទឹកប្រាក់ចំនួន ១,០៣៤,៨៥០ដុល្លារ និងប្រាក់រៀលចំនួន ៣២,០០០,០០០រៀល ដោយក្នុងមួយគ្រួសារៗ បានចាញ់បោកក្រុមហ៊ុននេះចាប់ពី ៧ម៉ឺនដុល្លារ ចុះមកត្រឹម ៥០,០០ដុល្លារ។

ពួកគាត់បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលបង់លុយទិញដីឡូត៍ ក្រុមហ៊ុន ជា សារ៉ន ដែលមានមេការរបស់ក្រុមហ៊ុនឈ្មោះលោក ពិន សុខា លោក ផង់ ចំរើន លោក ហង់ ហៃ និងប្រធានក្រុមហ៊ុន បានសន្យាថា នឹងជួយបង់ការប្រាក់ប្រចាំខែជូនធនាគារជំនួសប្រជាពលរដ្ឋដែលបានខ្ចីលុយពីធនាគារឯកជន គឺក្នុងមួយម៉ឺនដុល្លារត្រូវបង់ការប្រាក់២៥០ដុល្លារ។ ប៉ុន្តែចាប់ពីខែមេសា ឆ្នាំ២០២៣នេះមក ក្រុមហ៊ុន ជា សារ៉ន មិនបានបង់ការ ប្រាក់ជូនពួកគាត់ទាំង៦៩គ្រួសារ ដូចការសន្យានោះឡើយ ពួកគាត់ត្រូវប្រឈមក្នុងការបង់ការប្រាក់ជូនគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដោយខ្លួនឯង។

ករណីខាងលើនេះ ពួកគាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ ពីលោកអភិបាលខេត្តកំពត និងលោកអភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ដោះស្រាយផងដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញមានចំណា ត់ការជូនពួកគាត់នៅឡើយ។

ហេតុនេះពួកគាត់គ្មានអ្វីក្រៅពីពឹងទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឲ្យជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ដោយក្តីអនុគ្រោះតែប៉ុណ្ណោះ។ ពួកគាត់បានស្នើសុំឲ្យជួយដោះស្រាយសុំឱ្យក្រុមហ៊ុន ជា សារ៉ន ចរចាជា មួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន បង់ការប្រាក់ប្រចាំខែជំនួសប្រជាពលរដ្ឋដូចដែលក្រុមហ៊ុនបានសន្យា។ ពួកគាត់ស្នើសុំដកយកប្លង់ដីប្លង់ផ្ទះដែលដាក់បញ្ចាំនៅធនាគារមកវិញ។ ពួកគាត់ស្នើសុំឲ្យក្រុមហ៊ុនលោក ជា សារ៉ន បង្វិលសងប្រាក់ពួកគាត់ទាំង៦៩គ្រួសាជាង១លានដុល្លាររមកវិញ និងគោរពស្នើសុំលោកអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពត ជួយចំណាត់ការរឿងពួកគាត់ឲ្យដូចប្រជាពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវ ដែលថ្នាក់ដឹកនាំបានអនុវត្តកន្លងមក។

ជុំវិញករណីខាងលើនេះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា ករណីប្រជាពលរដ្ឋទាំង៦៩គ្រួសារ នៅក្នុងស្រុកកំពង់លែងរបស់លោក ដែលមានបញ្ហាជាមួយនឹងក្រុមហ៊ុនលោកឧកញ៉ា ជា សារ៉ន ខាងលើនេះកន្លងមក លោកក៏ធ្លាប់បានធ្វើរបាយការណ៍ដាក់ជូនទៅលោកអភិបាលខេត្តដើម្បីជួយដោះស្រាយជូនពួកគាត់ផងដែរ។

លោកបញ្ជាក់ទៀតថា ថ្មីៗនេះលោកអភិបាលខេត្តក៏បានកោះហៅក្រុមការងារដែលពាក់ព័ន្ធប្រជុំរកពិធីដោះស្រាយជូនប្រជាពលរដ្ឋទាំង៦៩គ្រួសារ ខាងលើនេះហើយដែរហេតុនេះសូមឱ្យពួកគាត់នៅស្ងៀមស្ងាត់សិន រង់ចាំដំណោះ ស្រាយរបស់ថ្នាក់ដឹកនាំដែលនិងកំពុងងដោះស្រាយជូនពួកគាត់ក្នុងពេលឆាប់ៗនេះហើយ៕