(កំពង់ធំ)៖ អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ត្រូវនាំទៅចែកជូនគ្រួសារក្រីក្រចំនួន៣០៤គ្រួសារ មកពី១១ភូមិក្នុងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ញ៉ឹក បានខេង អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

លោក ញ៉ឹក បានខេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, ប្រទេសជាតិទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់ វិស័យដូចអ្វីដែលបងប្អូនពុក ម៉ែទាំងអស់បានឃើញស្រាប់ហើយថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរក្សានៅសន្តិភាពការអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។ ដូចបងប្អូនឃើញស្រាប់ហើយរយៈពេលកន្លងមកនេះ កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោក បានជួបការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យរាជរដ្ឋាភិបាលមានការលំបាកយ៉ាងខ្លាំង។

តែទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដ៏ឈ្លាសវៃប្រជាជនកម្ពុជាទាំងមូល ទទួលបាននូវការចាក់វ៉ាក់សាំងទូទាំងប្រទេសនោះ គឺយុទ្ធនាការស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ដែលមិនទាន់មានប្រទេស ណាអាចធ្វើបានឡើយ។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ទើបបានទទួលបន្ទុកការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលធ្វើឱ្យពិភពលោកទាំងមូលទទួលស្គាល់កម្ពុជា។ ប៉ុន្តែផ្ទុយមកវិញ នៅតែមានជនអគតិមួយចំនួន មិនត្រឹមតែជួយគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលទេ តែថែមទាំងញុះញង់ឱ្យប្រជាជនស្អប់រដ្ឋាភិបាល និងប្រឆាំងរដ្ឋាភិបាលថែមទៀត។

អភិបាលរងខេត្តបានបន្ថែមថា «ជាក់ស្ដែងដូចជាថ្ងៃនេះ រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្ត ក៏ដូចជាក្រុមការងារចុះជួយឃុំប្រឡាយ ក៏ដូចជាអាជ្ញាធរឃុំបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាព ខ្វះខាត។ ទោះបីបើអំណោយនេះតិចតួចក៏ដោយ ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាក របស់បងប្អូនមួយរយៈពេលផងដែរដែលកន្លងមក តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺមិនឱ្យទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារការអត់អាហារនោះទេ។ ទាំងនេះបានស្តែងចេញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់បងប្អូនទាំងអស់»

លោកបន្ថែមទៀតថា មកដល់ពេលនេះតើមានគណបក្សមួយណាដែលមានគុណសម្បត្តិដូចគណបក្សប្រជាជនកម្ពុជាដែរឬទេ? គឺមិនមានទេ ដូចនេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលអាចដឹកនាំប្រទេសឆ្ពោះទៅរក សុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងព្រមទាំងកំណើនសេដ្ឋកិច្ចដែលជាវិស័យស្នូលសម្រាប់ជំរុញឲ្យមានកំណើនជីវភាពរស់នៅសម្រាប់ពុកម៉ែបងប្អូនទាំងអស់ ហើយអ្វីដែលសម្ដេចតេជោ ក៏ដូចជាគណបក្ស ប្រជាជនចង់បានគឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ញ៉ឹក បានខេង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅឯកសារពាក់ព័ន្ធនានាឱ្យគ្រប់លក្ខន្តិកៈដែលអាចឱ្យពួកគាត់ទៅបោះឆ្នោតបាន និងសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាទុកឯកសារទាំងនោះឱ្យបានត្រឹមត្រូវ ចៀសវាងការបាត់បង់ដែលធ្វើឱ្យមានការរាំងស្ទះនិងមិនអាចទៅបោះឆ្នោតបាន។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារក្រីក្រ ក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១ យួរ ត្រីខ១យួរ និងភួយ១៕