(កំពង់ធំ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបពិធីប្រកាសតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធី សម្បទានដីសង្គមកិច្ចថ្នាក់មូលដា្ឋន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង (LASED III) ស្ថិតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

លោក អ៊ឹម សុឌីណា ប្រធានគម្រោងខេត្តកំពង់ធំ បានលើកឡើងថា យោងតាមសំណើស្នើរសុំរដ្ឋបាលខេត្ត ជាមួយនឹងការសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការកាត់ឆ្កៀលផ្ទៃដីទំហំ ៧៩៣ហិកតា ស្ថិតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគពីដីសាធារណៈ របស់រដ្ឋមកជាដីឯកជនរបស់រដ្ឋសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ។

លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលក្រសួងស្ថាប័ន ដែលបានចេញអនុក្រឹត្យសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៧៩៣ហិកតា ស្ថិតនៅឃុំផាន់ញើម សម្រាប់គោលដៅសម្បទានដីសង្គមកិច្ចនៃគម្រោង (LASED III) ជូនប្រជាពលរដ្ឋក្រីក្រ យកទៅប្រើប្រាស់ សាងសង់លំនៅឋានប្រកបរបរបង្កបង្កើនផល ដាំដំណាំធ្វើកសិកម្ម កាត់បន្ថយភាពក្រីក្រ។

លោក ថេង ច័ន្ទសង្វារ បានថ្លែង គម្រោង LASED III ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងដើម្បីផ្តល់ប័ណ្ណសុវត្ថិភាពដីធ្លី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើសដល់សហគមន៍ និងកសិករខ្នាតតូចក្នុង តំបន់គោលដៅរបស់ខ្លួន ដែលអនុវត្តដោយក្រុមការងារថ្នាក់ជាតិចំនួន២ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីភ្នាក់ងារប្រតិបត្តិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាទីភ្នាក់ងារអនុវត្ត។

លោក ថេង ច័ន្ទសង្វារ ជំរុញដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណសម្គាល់សិទ្ធិដី ត្រូវតែយកដីធ្លីនោះមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ក្នុងការបង្កបង្កើនផល និងជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រសិនបើមានជនខិលខូចចូលមកធ្វើការទន្ទ្រានខុសច្បាប់ ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។

លោក ថេង ច័ន្ទសង្វារ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយអំពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ជូនដល់សាធារណជនជាពិសេសប្រជាពលរដ្ឋដែលមុខសញ្ញាអ្នកទទួលដីក្នុងឃុំគោលដៅ៕