(កណ្តាល)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អជ្ញាធរស្រុកឃុំ អង្គការ Water Aid រួមនឹងក្រុមហ៊ុនទទួលការសាងសង់ ចុះពិនិត្យមើលដំណើរការស្ថាបនាបង្គន់បណ្តែតទឹក តាមលក្ខណៈបច្ចេកទេស និងមិនប៉ះពាល់បរិស្ថាន ជូនប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

លោក នុត ពុធដារ៉ា ក្នុងឱកាសពិនិត្យការសាងសង់បង្គន់បណ្តែតទឹកនេះ បានលើកឡើងថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះបណ្តែតទឹក បានបន្ទោបង់ចូលក្នុងព្រែក ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាព ការរស់នៅ អនាម័យ ព្រមទាំងបរិស្ថានក្នុងតំបន់។

ដោយមើលឃើញបញ្ហានេះ រដ្ឋបាលខេត្តកណ្តាល រួមសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការ Water Aid បានរៀបចំសាងសង់បង្គន់បណ្តែតទឹក សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់រួម ដើម្បីបង្ករភាពងាយស្រួល ក្នុងការរស់នៅ មានអនាម័យ និងសុខភាពល្អ ជាពិសេសកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។

លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្ទះបណ្តែតទឹក ចូលរួមប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ដោយយើងដាក់ឲ្យប្រើប្រាស់បង្គន់បណ្តែតទឹកនេះ ជាសាធារណៈ និងពុំមានការបង់ប្រាក់អ្វីឡើយ ហើយការចូលរួមប្រើប្រាស់បង្គន់អនាម័យពិតជាមានសារៈសំខាន់ចំពោះ សុខភាព អនាម័យ បរិស្ថាន និងមានសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយយើងបានសាងសង់បង្គន់បណ្តែតទឹកនេះឡើង ស្របតាមស្តង់ដារបច្ចេកទេស និងបានពិសោធន៍យ៉ាងត្រឹមត្រូវ មិនប៉ះពាល់ដល់បរិស្ថាន និងបង្កើនសោភ័ណ្ឌភាពក្នុងសហគមន៍ផងដែរ។

រដ្ឋបាលខេត្ត និងអង្គការដៃគូ បានសាងសង់បង្គន់បណ្តែតទឹក ចំនួន ០៧ប្រព័ន្ធ ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង និយាយដោយឡែកសម្រាប់ស្រុកស្អាង មានចំនួន ០៤ប្រព័ន្ធ ដោយក្នុង០១ប្រព័ន្ធ  អាចប្រើប្រាស់រួមគ្នា បានពី ១៦ ទៅ១៨ខ្នងផ្ទះ ហើយមានបរិមាណចម្រោះទឹកកខ្វក់បានចំនួន ១២ម៉ែត្រគូបក្នុង១ថ្ងៃ ហើយតាមរយៈបង្គន់អនាម័យនេះ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកទាំងអស់ អាចប្រើប្រាស់បង្គន់នេះ ជាប្រចាំថ្ងៃ ដោយមានភាព ងាយស្រួល មិនចំណាយថវិកា ហើយធានាបាននូវអនាម័យ បរិស្ថានល្អ មិនប៉ះពាល់ដល់សុខភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងផ្តល់អោយប្រជាពលរដ្ឋមានសុខភាពល្អ មានផាសុកភាពក្នុងការរស់នៅ និងចំណេញថវិកាផងដែរ។

គួរបញ្ជាក់ថា ឃុំប្រាសាទ ស្ថិតនៅជាប់នឹងព្រែកប្រាសាទ ហើយដែលប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាព៦ខែគោក និង៦ខែលិចទឹក ដោយភាគច្រើនប្រកបរបរនេសាទ ហើយប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងផ្ទះបណ្តែតទឹក ដូច្នេះការសាងសង់បង្គន់អនាម័យដើម្បីប្រើប្រាស់ជាបញ្ហាប្រឈម និងជាការលំបាកសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងសាងសង់នេះ មានការអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលគិតគូពីការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕