(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា អគារស្នាក់ការអនុសាខានេះ សាងសង់ ១ខ្នងផ្ទាល់ដី ទំហំ ៨ម៉ែត្រ គុណ២៤ម៉ែត្រ មានបន្ទប់ធ្វើការ២ សាលប្រជុំ១ បន្ទប់ទឹកដាច់ដោយឡែក ១ខ្នង ២បន្ទប់ ទំហំ ៤,២ម៉ែត្រ គុណ ៦,៣ម៉ែត្រ។ សំណង់ទាំងនេះ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ។

លោក អ៊ុន ចាន់ដា បានបន្តថា ជាមួយនឹងសមិទ្ធផលថ្មី ដែលសម្រេចបានខាងលើនេះក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ គណៈកម្មាធិការសាខា អាណត្តិទី៥ ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតប ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយ ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ លង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទាល់សរុប ជិត ១,០០០គ្រួសារ និងដោយប្រយោលរាប់ពាន់គ្រួសារទៀត ដោយប្រកាន់ខ្ជាប់គោលការណ៍គ្រឹះទាំង៧ របស់ចលនា អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ»

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា អ្វីៗដែលយើងមានដូចសព្វថ្ងៃនេះ គឺបានមកពីសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងរកបានដោយលំបាកយើងត្រូវដឹងគុណពីវីរភាពរបស់បងប្អូនអតីតយុទ្ធជន ក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រទ្បប់មកវិញ ហើយយើងទាំងអស់គ្នាត្រូវចងចាំថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ» គ្មានសន្តិភាពពិតជាគ្មានការអភិវឌ្ឍ។ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ការពារមរតកសន្តិភាពសម្តេចតេជោ ឱ្យស្ថិតស្ថេររឹងមាំជាអង្វែងតទៅ ដើម្បីបង្កឱកាសឱ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍន៍ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីបាន សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលជាប្រតិបត្តិករជួរមុខ និងជាកម្លាំងដឹកនាំសកម្មភាពនៅតាមមូលដ្ឋានបានរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគមជាតិជាដៃគូនានា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយបានជួយអន្តរាគមន៍ដោះស្រាយ សម្រាលទុក្ខលំបាករបស់បងប្អូនបានឆាប់រហ័ស ទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕