(សៀមរាប)៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) រួមជាមួយក្រសួងសុខាភិបាលកម្ពុជា និងសេវាសុខាភិបាលសិង្ហបុរី (SingHealth) កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំនួន៥ ថ្ងៃ ស្តីអំពីការគាំទ្រចិត្តសង្គម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាល័យអង្គរ រីហ្សត និងស្ប៉ា ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) តាមរយៈគម្រោង ដែលមានរយៈពេលបីឆ្នាំស្តីអំពី «ការលើកកម្ពស់កម្មវិធី នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន» ឬ ត្រូវបានគេស្គាល់ថាជាគម្រោង «កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម» ដែលបានទទួលជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។

គម្រោងនេះ ត្រូវបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីពង្រឹងជំនួយគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅក្នុងតំបន់អាស៊ាន តាមរយៈការសម្រេចបាននូវគោលបំណងទាំងប្រាំរបស់គម្រោងដូចខាងក្រោម៖
* គោលបំណងទី១៖ ជម្រុញការបង្កើតបណ្ដាញនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាវេទិកាថា្នក់តំបន់ សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗក្នុងតំបន់អាស៊ាន
* គោលបំណងទី២៖ គាំទ្រដល់បណ្ដារដ្ឋសមាជិកអាស៊ាន ក្នុងការចែករំលែកចំណេះដឹងអំពីជំនួយគាំទ្រដល់ជនរងគ្រោះ ការប៉ាន់ប្រមាណតម្រូវការ និងធនធាន ក៏ដូចជាលទ្ធភាពនៃការកៀរគរធនធាន
* គោលបំណងទី៣៖ ប៉ាន់ប្រមាណតម្រូវការរបស់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងបណ្ដារដ្ឋសមាជិកអាស៊ាន ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់ជំនួយគាំទ្របន្ថែមទៀត
* គោលបំណងទី៤៖ គាំទ្រដល់បណ្ដារដ្ឋសមាជិកអាស៊ាន ក្នុងការផ្ដល់ការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដោយគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និង
* គោលបំណងទី៥៖ រៀបចំការសិក្សាស្រាវជ្រាវអំពី «សេវានានានៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រកបដោយបរិយាបន្ននៅកម្ពុជា» ក៏ដូចជាទស្សនៈរបស់សហគមន៍ចំពោះ សកម្មភាពមីនមនុស្សធម៌ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងកសាងសមត្ថភាពទៅលើជំនាញគាំទ្រចិត្តសង្គមដល់បុគ្គលិកថែទាំសុខភាព និងបណ្ដាញគាំទ្រដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាក្រុមគោលដៅត្រូវបានកំណត់សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ។ ហេតុដូច្នេះ ពួកគាត់អាចបន្តផ្ដល់ការគាំទ្រចិត្តសង្គម ទៅដល់ជនរងគ្រោះដែលកំពុងរស់នៅក្នុងតំបន់/សហគមន៍ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងជនមានពិការភាពផ្សេងទៀត។

នៅឆ្នាំ២០២២ និងដើមឆ្នាំ ២០២៣ គម្រោងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន បានសហការជាមួយភាគីពាក់ព័ន្ធដូចដែលបានបញ្ជាក់ជូនខាងលើ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពីការគាំទ្រចិត្តសង្គមនេះដោយជោគជ័យចំនួនបីវគ្គរួចមកហើយនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលលើកទីមួយ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញដែលមានសិក្ខាកាមចូលរួមចំនួន ៧៩ នាក់ ដែលជានិស្សិតផ្នែកវេជ្ជសាស្រ្ដ និងនិស្សិតផ្នែកជើងសិប្បនិម្មិត និងគ្រឿងរណប។

ចំណែកឯវគ្គបណ្ដុះបណ្ដាលលើកទីពីរ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅខេត្តសៀមរាប ដល់បុគ្គលិកសហគមន៍ និងបណ្ដាញគាំទ្រដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៧៨ នាក់ នៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្ដុះបណ្ដាលលើកទីបី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញដល់គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតចំនួន ៥០ នាក់។

វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទីបួន ដែលកំពុងបណ្ដុះបណ្ដាលជូនដល់ វេជ្ជបណ្ឌិត គ្រូពេទ្យចិត្តវិកល និងគិលានុបដ្ឋាក ចំនួន ៥០ នាក់ ដែលអញ្ជើញមកពីស្ថាប័នសុខាភិបាល ចំនួន១៥ ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមទាំងអស់ នឹងទទួលបានជំនាញគាំទ្រចិត្តសង្គមដ៏មានសារៈសំខាន់និងមានតម្លៃដូចជា៖
* ស្វែងយល់ពីរបៀបធ្វើរោគវិនិច្ឆ័យជំងឺចិត្តវិកល
* ស្វែងយល់ពីលក្ខណៈពិសេស ការរាតត្បាត មូលហេតុ និងការព្យាបាលទៅតាមប្រភេទផ្សេងៗនៃជំងឺផ្លូវចិត្ត
* តើអ្វីទៅជាភាពខុសគ្នារវាងការធ្វើអត្តឃាត និងអាកប្បកិរិយាធ្វើបាបខ្លួនឯង?
* សិក្សាអំពីការធ្វើការប៉ាន់ប្រមាណហានិភ័យនៃការធ្វើអត្តឃាត របស់បុគ្គលដែលប៉ុនប៉ងធ្វើអត្តឃាត
* សិក្សាអំពីការបែងចែកគ្រឿងស្រវឹង និងគ្រឿងញៀន
* ស្វែងយល់ពីចំណាត់ថ្នាក់ផ្សេងៗគ្នានៃការញៀនគ្រឿងញៀន និងការព្យាបាល។

ជំនាញទាំងនេះ ជួយដល់សិក្ខាកាមទាំងអស់ឲ្យយល់ដឹងអំពីស្ថានភាពអ្នកជំងឺ/ជនរងគ្រោះ ព្រមទាំងដឹងថាតើ អ្នកជំងឺត្រូវការការព្យាបាលផ្លូវចិត្ត ឬ ព្យាបាលដោយពេទ្យចិត្តវិកលជាបន្ត។ ការដឹងអំពីស្ថានភាពបានរហ័សគឺជួយកែសម្រួលដល់ការព្យាករណ៍ទុកជាមុនពីការវិវត្តជំងឺឲ្យកាន់តែប្រសើរឡើង និងធានាបាននូវការថែទាំគ្រប់ជ្រុងជ្រោយ។

ការងាររបស់ ARMAC បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមត្ថភាពជូនដល់ និស្សិតផ្នែកវេជ្ជសាស្រ្ដ និងអ្នកផ្ដល់សេវាដោយផ្ទាល់ដល់ជនរងគ្រោះ/ជនដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា (វេជ្ជបណ្ឌិត គិលានុដ្ឋាក គ្រូពេទ្យចិត្តវិកល បុគ្គលិកសហគមន៍ និងបណ្ដាញគាំទ្រដល់ជនរងគ្រោះ ដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពី សង្គ្រាម) ដែលបាន និងកំពុងធ្វើការគាំទ្រដល់ជនរងគ្រោះ និងជនមានពិការភាពផ្សេងទៀតនៅក្នុងប្រទេស និងបណ្ដារដ្ឋសមាជិកអាស៊ាន។ បច្ចុប្បន្ននេះវគ្គបណ្តុះបណ្តាលគាំទ្រចិត្តសង្គមនេះ បាននិងកំពុងដំណើរការបានពាក់កណ្តាលហើយ ហើយវគ្គបណ្តុះបណ្តាលចំនួនពីរវគ្គទៀត នឹងត្រូវបានរៀបចំដោយ ARMAC និង ភាគីពាក់ព័ន្ធ ស្ដីអំពីវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល”។

មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ត្រូវបានបង្កើតឡើងដោយយោងទៅលើសេក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបង្កើតឡើងនូវមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលត្រូវបានអនុម័តនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានដាក់ឲ្យដំណើរការ ក្នុងឆ្នាំ២០១៦។ ARMAC មានអណត្តិ និងមុខងារ ក្នុងនាមជាមជ្ឈមណ្ឌលឧត្ដមភាព ដើម្បីជំរុញ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ ពីសង្រ្គាមសម្រាប់បណ្ដារដ្ឋសមាជិកអាស៊ានដែលចាប់អារម្មណ៍ក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះ។ សូមចូលទៅកាន់គេហទំព័ររបស់ ARMAC តាមរយៈ https://aseanmineaction.org/ សម្រាប់ព័ត៌មានលម្អិតបន្ថែម៕