(បាត់ដំបង)៖ នៅចំពោះមុខលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករជាង៤០០នាក់ បានប្រកាសថាពួកគេបានត្រៀមខ្លួនរួចហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងចូលរួមបំផុសចលនាឱ្យប្រជាពលរដ្ឋ ចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៀតផង។
នៅក្នុងពិធីជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ព្រួញ រិទ្ធថា សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចលនា អ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករខេត្តបាត់ដំបង រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា លោកបានធ្វើបច្ចុប្បន្នភាពសមាជិកក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដើម្បីគ្រប់គ្រងវត្តមានពិតប្រាកដ ហើយកែសម្រួលបំពេញបន្ថែមនូវអ្វីដែលសមាជិកបក្សមានការខ្វះខាត និងផ្ទៀងផ្ទាត់ឯកសារសម្រាប់សិទ្ធិចូលទៅបោះឆ្នោត។ បន្តកសាងពង្រឹងពង្រីកសមាជិកគណបក្ស ក្នុងចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ ជាពិសេសក្នុងក្រុមគ្រួសារពួកគាត់។ បន្តផ្សព្វផ្សាយពីសមិទ្ធផលសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាជូនមហាជនតាមរយៈចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ។ បែងចែកកម្លាំងក្រុមការងារដោយសហការ ជាមួយគណបក្សក្រុង ស្រុកចុះទំនាក់ទំនងផ្សារភ្ជាប់សួរសុខទុក្ខគ្រួសារអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ។ ចងក្រងពង្រីកប្រព័ន្ធទំនាក់ទំនងបណ្តាញផ្សព្វផ្សាយសង្គមក្នុងចលនាអ្នកបើកបររថយន្ត អ្នក រត់ម៉ូតូឌុប និងកម្មករ ជាពិសេសក្រុមកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបង ដើម្បីធ្វើការវាយបកការឃោសនាអកុសលរបស់ពួកប្រឆាំង និងបញ្ជូនព័ត៌មានជូនដល់ថ្នាក់ដឹកនាំគណបក្សបានជ្រាប។ ចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងចូលរួមបំផុសចលនាឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងឱកាសនោះ លោក សុខ លូ ថ្លែងអំណរគុណដល់បងប្អូនក្រុមចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករក្នុងខេត្តបាត់ដំបងចំនួន៤០១នាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនរហូតមក ព្រមទាំង
បានប្រកបរបរដើម្បីចិញ្ចឹមគ្រួសាររៀងៗខ្លួនស្រួល ក៏ដោយសារមានសុខសន្តិភាពពេញលេញ និងនាំគ្នាការពារសន្តិភាពនេះបន្តទៀតនៅឱ្យបានយូរអង្វែង។
លោកបានបន្តថា ខេត្តបាត់ដំបងជាខេត្តមានសក្កតានុពល សេដ្ឋកិច្ចល្អខ្លាំង ដោយរាជរដ្ឋាភិបាលបានកំណត់ជាប៉ូលទី៤ ខណៈពេលនេះខេត្តកំពុងកែសម្រួលកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតពិសេសបានកសាងវិមានឯករាជ្យ ជ្រាំងស្ទឹង កំពុងលេចជារូបរាង្គ បណ្តើរៗហើយនឹងត្រូវហើយទាំងស្រុង មុនពេលទឹកឡើងនារដូវវស្សាឆ្នាំនេះ ហើយនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។
នាឱកាសនោះ និងជាថ្មីម្តងទៀត ប្រធានបក្សខេត្ត បានអំពាវនាវបងប្អូនទាំងអស់គ្នានៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសជាតិកសាង អភិវឌ្ឍន៍ ឱ្យការរីកចម្រើនបន្ថែមទៀត ព្រមទាំងការពារសន្តិភាព ជូនប្រជាពលរដ្ឋ រស់នៅសុខសប្បាយ មានជីវភាពធូធារតទៅផងដែរ៕