(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលដែលដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់លោក មាស សារិន និងលោកស្រី សុខ ផល្លី, នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី, លោក ម៉ែន វិបុល និងលោកស្រី, លោក ព្រាប គារ៉ាត់ និងក្រុមការងារ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល។ 

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទឱ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឱ្យមានការីកចម្រើន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសដោយនាំមកនូវអនាគត់ដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍ។ បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានយល់ព្រមទទួលយកសំណើរបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តទួលតាធន់ ដើម្បីកសាងរបងវត្តដោយត្រូវចំណាយថវិកាអស់ ៣១លានរៀលផងដែរ៕