(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានរៀបចំ «ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ខេម ជី្ជអេសអេម ម.ក (CAMGSM Plc.)»។

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាព បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេម ជី្ជអេសអេម ម.ក (CAMGSM Plc.), តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើន។

ថ្លៃងក្នុងពិធីនេះ បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនាថ្ងៃនេះ គឺជាការបោះមួយជំហានទៀត របស់ផ្សារមូលបត្រកម្ពុជា ដោយទទួលបានការចុះបញ្ជីរបស់ក្រុមហ៊ុន ដែលមានតម្លៃរាប់ពាន់លានដុល្លារ និង មានកិត្តិនាមក្នុងទីផ្សារទូរគមនាគមន៍ ប្រមាណជា ២៥ ឆ្នាំមកហើយ គឺ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM Plc.) ដែលគេតែងស្គាល់ថា ក្រុមហ៊ុនសែលកាត (Cellcard)។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្ត និង ជួយជ្រោមជ្រែងវិស័យមូលបត្រកម្ពុជា ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ និង គោលនយោបាយថ្មីៗ។ ជាក់ស្តែង, គិតចាប់តាំងពីឆ្នាំ ២០១១, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រចំនួន ៤ ដង រួចមកហើយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ទៅ ៥០% សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយផ្អែកលើទំហំនៃការបោះផ្សាយ និង ការអនុគ្រោះបំណុលពន្ធផ្សេងៗ ទៅដល់ក្រុមហ៊ុនចុះបញ្ជី។ ទន្ទឹមនឹងនេះ, សម្រាប់វិនិយោគិនសាធារណៈ ទទួលបានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ និង/ភាគលាភ និង ត្រូវបានលើកលែងពន្ធលើចំណេញមូលធនផងដែរ។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ជាប្រភពហិរញ្ញប្បទានថ្មីមួយទៀត ដោយអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានសក្តានុពល និង មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការកៀរគរទុនពីសាធារណជនទៅប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្ម បន្ថែមពីលើប្រភពទុនដែលមានស្រាប់។ លោក បានគូសបញ្ជាក់ផងដែរថា ការធ្វើពិពិធកម្មនេះ ជួយជំរុញការលូតលាស់អាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងជួយក្រុមហ៊ុនឱ្យទទួលបានទំនុកចិត្ត កាន់តែខ្ពស់ពីវិនិយោគិន និង អតិថិជនសក្តានុពល ទាំងក្នុង និង ក្រៅប្រទេស ហើយថែមទាំងទទួលបានការលើកទឹកចិត្តពន្ធផងដែរ។ សម្រាប់វិនិយោគិនវិញ ការចុះបញ្ជីនេះ នឹងផ្តល់នូវជម្រើសវិនិយោគថ្មីមួយទៀត ទៅលើជម្រើសដែលមានស្រាប់ ជាពិសេស គឺឱកាសក្នុងការវិនិយោគក្នុងក្រុមហ៊ុនដែលមានកំណើនខ្ពស់។

លោកបណិ្ឌតសភាចារ្យ បានជំរុញ និង គាំទ្រលើការផ្សព្វផ្សាយព័ត៌មាន ទៅដល់ក្រុមហ៊ុន និង សហគ្រាសផ្សេងៗទៀត ដែលមានសក្តានុពល ចាប់យកឱកាសមាសនេះ និង ទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពីផ្សារមូលបត្រនេះ។ លោកបណិ្ឌតសភាចារ្យ បានបន្ថែមទៀតថា ក្នុងរយៈកាលថ្មីៗនេះ, កម្ពុជា បានបង្កើតតួអង្គមួយចំនួនក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដូចជា បេឡាជាតិសន្តិសុខសង្គម, បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ, បេឡាជាតិអតីតយុទ្ធជន, មូលនិធិជនមានពិការភាព, ធនធានបម្រុងជាតិ, វិស័យធានារ៉ាប់រង ជាដើម ដែលអាចកៀរគរមូលនិធិរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងន័យនេះ, លោកបណិ្ឌតសភាចារ្យ បានអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងវិស័យនេះ ជាពិសេស និយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា ឱ្យបន្តកិច្ចសហការល្អក្នុងការរួមគ្នាស្វែងរកវិធានការគន្លឹះៗ ដើម្បីទាញយកចំណែកនៃមូនិធិទាំងនោះ យកមកប្រើជាប្រយោជន៍បន្ថែម ទាំងសម្រាប់ស្ថាប័នគ្រប់គ្រងមូលនិធិផង ទាំងសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ និង ការជំរុញកំណើនសេដ្ឋកិច្ចផង៕