(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀន នៅភូមិកងតាណឹងទី៣ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បន្តទម្លាក់ស្លាកនៅមុខផ្ទះរបស់ខ្លួនចោលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងបានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
គ្រួសារអតីតសកម្មជនបក្សភ្លើងទៀតនោះឈ្មោះ យឹម ខា អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះ ជឹម រ៉ែន អាយុ៥៩ឆ្នាំ និងសមាជិកចំនួន៣នាក់ទៀត រស់នៅភូមិកងតាណឹងទី៣ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោក យឹម ខា បានឱ្យដឹងថា លោកបានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀននៅមុខផ្ទះចោល ហើយស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយល់ឃើញថា លោក សម រង្សី ជាមេបក្ស គ្មានការទទួលត្រូវ និងតែងតែរត់ចោលស្រុក គ្មានគោលនយោបាយច្បាស់លាស់៕