(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃសុខភាពផ្លូវចិត្ត និងត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត បង្ការជំងឺផ្លូវចិត្ត និងផ្តល់ការថែទាំនិងព្យាបាលសុខភាពផ្លូវចិត្ត ដើម្បីកាត់បន្ថយ ការស្លាប់ និងការកើតជំងឺផ្សេងៗដែលបណ្តាលមកពីជំងឺផ្លូវចិត្ត។

បន្ថែមលើនេះប្រទេសកម្ពុជា បាននឹងកំពុងពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្តឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដែលមានតម្រូវការចេះតែកើនឡើងជាលំដាប់ ហើយសុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់បុគ្គលិកអប់រំ ទាមទារឱ្យមានការ ចូលរួមពីយើងទាំងអស់គ្នា។ បច្ចុប្បន្នមានភាពតានតឹងផ្លូវចិត្តក្នុងជីវិត ដែលភាពតានតឹងផ្លូវចិត្តខ្លះ មានទំនាក់ទំនង រវាងបុគ្គល គ្រួសារ សហគមន៍និងសង្គមផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការជំងឺឆ្លងនិងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ក្នុងវិស័យអប់រំ និងដោយមានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងលោក លោកស្រី តំណាងក្រសួងសុខាភិបាល អង្គភាព និងតំណាងអង្គការពាក់ព័ន្ធ ជាច្រើនរូប។

លោកបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា នៅលើពិភពលោកនេះ មានកុមារនិងយុវវ័យប្រមាណពី ១០ ទៅ ២០% មានជំងឺផ្លូវចិត្ត ដែលពាក់កណ្តាលបានចាប់ផ្តើមមានបញ្ហាផ្លូវចិត្តនៅអាយុ ១៤ឆ្នាំ។ ផលវិបាកនៃការខកខានមិនបានដោះស្រាយ បញ្ហាផ្លូវចិត្តរបស់កុមារនិងយុវវ័យ នឹងបណ្តាលឱ្យពួកគេមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងប៉ះពាល់ ដល់ជីវិតរស់នៅប្រកបដោយផ្លែផ្កា នៅពេលពេញវ័យ។ បញ្ហាសុខភាពផ្លូវចិត្ត អាចប៉ះពាល់ដល់សហគមន៍ទាំងមូល រួមមានសិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិកអប់រំ និងសមាជិកទាំងឡាយ នៅក្នុងសហគមន៍។ ដូចនេះកិច្ច អន្តរាគមន៍ បានទាន់ពេលវេលា ជាកិច្ចការចំបងបំផុត។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់គាំពារបន្តបន្ទាប់ដល់បុគ្គលិកអប់រំវ័យចាស់ មនុស្សចាស់ដែលមានសុខភាពល្អ គឺអាចចូលរួមគ្រប់សកម្មភាពធម្មតាបានទាំងអស់ ហូបក៏បាន សម្រានក៏លក់ រីករាយក្នុងជីវិត មានទំនាក់ទំនងជាមួយអ្នកដទៃបានល្អ ហើយក៏មិនត្រូវការស្គមពេកឬធាត់ពេកដែរ។ តាមរបាយការណ៍អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅឆ្នាំ២០១៨ អ្នកស្លាប់៦៤%នៅកម្ពុជា គឺដោយសារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសឈាម មហារីក និងជំងឺបេះដូងជាដើម)។ តែ៨០%នៃ ជំងឺមិនឆ្លង យើងអាចបង្ការបាន។ វិធានការសំខាន់៤ដែលត្រូវអនុវត្តគឺ កុំជក់បារី ឬទទួលទានសុរា កែប្រឥរិយាបទ ក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសការរបិភោគអាហារប្រកបដោយតុល្យភាព និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។

ក្នុងនាមជាស្ថាប័ននាំមុខក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ផែនទីចង្អុលផ្លូវអប់រំឆ្នាំ២០៣០ ផែនការមេស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបានអភិវឌ្ឍសៀវភៅគោលការប្រតិបត្តិស្តីពីការការសង្គ្រោះផ្លូវចិត្តបឋម (PFA) សម្រាប់បុគ្គលិកអប់រំ ដែលគ្របដណ្តប់ទាំងការគាំទ្រផ្នែកចិត្តសាស្ត្រនិងសង្គមគឺជាកិច្ចអន្តរាគមន៍ ឆ្លើយតបដំបូង ដែលបង្កើត ឡើងដោយអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវស្ថានភាពវិបត្តិធ្ងន់ធ្ងរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានបញ្ជាក់ដែរថា ការសង្គ្រោះផ្លូវចិត្តបឋម គឺសម្រាប់ជួយមនុស្ស ដែលជួបប្រទះនូវបទពិសោធន៍នៃ ព្រឹត្តិការណ៍វិបត្តិដែលអាចប៉ះពាល់ស្ថានភាពផ្លូវចិត្តរបស់ពួកគេ។ វាផ្តល់នូវក្របខ័ណ្ឌនៃការជួយសង្គ្រោះផ្លូវចិត្តបឋម ដែលគោរពដល់សេចក្តីថ្លៃថ្នូរ វប្បធម៌ និងសមត្ថភាពរបស់អ្នកទទួលការជួយផងដែរ៕