(ព្រៃវែង)៖ ផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង ស្ថិតនៅតាមបណ្តាភូមិ របស់ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់បក់បំផ្លាញទាំងស្រុងរាបដល់ដី ប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមគណ:ពង្រឹងឃុំពានរោង ដឹកនាំដោយលោក អីុ សុខឃី ជាប្រធានក្រុមការងារ និងលោក អឹុម សយ បានដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកាទៅចែកជូនភ្លាមៗផងដែរ ដើម្បីចូលរួមកាត់បន្ថយការលំបាក​ នៅមួយរយះពេល។

លោក អីុ សុខឃី បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ទាំង១៧ខ្នង ស្ថិតភូមិចំនួន៧ ក្នុងឃុំពានរោង ត្រូវបានខ្យល់កន្រ្តាក់វាយបំផ្លាញរាបដល់ដី កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍ នេត សាវឿន មកចែកជូនដល់ខ្នងផ្ទះជាក់ស្តែង។

នៅចំពោះមុខប្រជាពលរដ្ឋនោះ លោក អីុ សុខឃី បានផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេតសាវឿន ចំពោះការរងគ្រោះនេះ ព្រមទាំងបាននាំយកថវិកានិងសម្ភារទៅចែកជូនក្នុង១គ្រួសាររួមមាន៖
-ថវិកា១០០.០០០រៀល
-អង្ករ ១បាវ ៥០គ.ក
-ទឹកត្រី ១យួរ
-ទឹកស៊ីអ៊ីវ ១យួរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានឧបត្ថម្ភ នគរបាលប៉ុស្តិ ថវិកា៣០មឺុនរៀល និងអង្ករ៥០គ.ក ទឹកត្រីទឹកស៊ីអ៊ីវ ក្រុមប្រឹក្សាឃុំ និងមេភូមិ១៦មឺុនរៀល។

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋរស់នៅឃុំពានរោង បានជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នាឆ្នាំ២០១៦នេះ៕