(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។
សម្តេចបញ្ជាក់ដូច្នេះថា៖ «អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបានបដិសេធថា "មិនមែនជាដ្រូនរបស់គេទេ" ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំ៉ពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។
សម្តេចបានបន្តថា «យើងត្រូវប្រើប្រាស់អាវុធទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលទឹកដីកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចេញកម្លាំងឱ្យបានឆាប់ ទាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស និងអាវុធដែលនៅអង្គភាពប្រឆាំងភេរវកម្ម ហើយអាវុធដែលបាញ់ដ្រូននេះ យ៉ាងហោចណាស់ក៏ត្រូវមានតិចបំផុត១០០ដើមផងដែរ។ សម្តេចតេជោ ហ៊ុន សែន មិនទាន់កំណត់ប្រភពនៃដ្រូននេះនៅឡើយទេ ដោយអះអាងថា យើងនឹងអាចដឹងបាននៅពេលដែលបាញ់ទម្លាក់ដ្រូនដែលហោះចូលដែនអាកាសកម្ពុជា នៅពេលយប់ ដើម្បីស៊ើបការណ៍នេះ។
ជាមួយនឹងបទបញ្ជាក់នេះ សម្តេចក៏បានបញ្ជាថែមទៀតឱ្យ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងយោធា ៥០០នាក់ និងមានអាវុធទំនើប២០០ដើម ដើម្បីចូលរួមប្រតិបត្តិការផងដែរ។ សម្តេចបញ្ជាក់ថា បើបង្កើនថែមទៀតបើសិនជាលក្ខខណ្ឌតម្រូវ។ សម្តេចប្រកាសថា សម្តេចមិនលើកលែងឱ្យនរណាដែលបំពានអធិបតេយ្យរបស់កម្ពុជាឡើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖
https://t.me/freshnewsasia/141350