(កំពង់ស្ពឺ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី ត្រូវតែហ៊ានប្រឈមមុខជាមួយពួកចង្រៃមួយចំនួន ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី តាមរយៈការរារាំងមិនឲ្យមានការវិនិយោគ និងមិនឲ្យទិញទំនិញពីកម្ពុជាជាដើម។
ក្នុងជំនួបជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលរោងចក្របិទទ្វារ អ្នកដែលប៉ះពាល់មុខគេនោះ គឺកម្មករ កម្មការិនី ដូច្នេះហើយត្រូវតែហ៊ានប្រឈមមុខជាមួយពួកទាំងអស់នោះ ដែលព្យាយាមបំផ្លាញភាពសុខសាន្ដរបស់កម្មករ កម្មការិនី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើរោងចក្រត្រូវបិទភ្លាម អ្នកដែលត្រូវបាត់បង់ផលប្រយោជន៍មុនគេ គឺអ្នកដែលកំពុងធ្វើការក្នុងរោងចក្រនេះ។ អញ្ចឹងក្មួយៗត្រូវហ៊ានប្រឈមមុខជាមួយពួកអាចង្រៃមួយចំនួន ដែលវាតែងទៅសុំបរទេសឲ្យដាក់ទណ្ឌកម្មកម្ពុជា កុំទិញទំនិញពីកម្ពុជា កុំវិនិយោគនៅកម្ពុជា ត្រូវហ៊ានចង្អុល អ្នកឯងបំផ្លាញឆ្នាំងបាយរបស់ខ្ញុំ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវតែបំបាត់នយោបាយជ្រុលនិយមទាំងអស់នេះ ពិសេសដែលញុះញង់បំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ប៉ុន្ដែក្រុមចង្រៃទាំងអស់នេះ មិនសម្រេចរាល់អ្វីដែលពួកគេប៉ងប្រាថ្នានោះឡើយ។
ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំដល់កម្មការ កម្មការិនី ត្រូវចូលរួមខិតខំថែរក្សាស្ថេរភាពនយោបាយឲ្យបានល្អ ខណៈរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលជានិច្ចជាកាលគោលនយោបាយម្ខាងត្រូវរក្សាសន្ដិភាពឲ្យខាងតែបាន និងម្ខាងទៀត ត្រូវរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យខាងតែបាន ដែលពីរនេះត្រូវដើរទន្ទឹមគ្នា។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន មិនបានខ្វាយខ្វល់ចំពោះបរទេសណា ដែលស្ដាប់តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនោះទេ។ ផ្ទុយទៅវិញ អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅតែបន្ដសកម្មភាពវិនិយោគរបស់គេ ហើយអ្នកដែលបញ្ជាទិញទំនិញពីកម្ពុជា ក៏នៅតែបន្ដបញ្ជាទិញទំនិញដូចធម្មតា ខណៈរាជរដ្ឋាភិបាលនៅតែបន្ដខិតខំប្រឹងប្រែងដើម្បីតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។
បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិក។
នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិត ចំនួនប្រមាណ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕