(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសចូលរួមទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឡើងវិញ។

ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រុសនិងប្រុស។

សម្ដេចតេជោបានបន្តថា តាមរយៈការដាក់ចេញគោលនយោបាយទប់ស្កាត់របស់រាជរដ្ឋាភិបាល ជំងឺអេដស៍នេះបានថមថយនៅក្នុងប្រទេសកម្ពុជាយ៉ាងប្រសើរទៅហើយ ប៉ុន្តែបែរជាមកកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះវិញ ដែលទាមទារឱ្យគ្រប់គ្នានៅទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និងបង្កើនវិធានការទប់ស្កាត់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាកង្វល់ គឺការឆ្លងមេរោគអេដស៍ ដែលមានការកើនឡើងដល់ទៅ៣០០ករណី, នៅឆ្នាំ២០២២ មានករណីឆ្លង១៤០០ករណី គឺកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ភាគច្រើនកើតលើអ្នកយកភេទដូចគ្នា ពិសេសប្រុសនិងប្រុស....ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជានោះទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅប្រទេសកម្ពុជាគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់នៅកម្ពុជាក៏គ្មានការហាមឃាត់មិនឱ្យស្រឡាញ់ភេទដូចគ្នាដែរ គ្រាន់តែច្បាប់មិនអនុញ្ញាតឱ្យប្រជាជនដែលមានភេទដូចគ្នារៀបការនឹងគ្នានោះឡើយ។

សម្ដេចតេជោក៏បានអំពាវនាវដល់សាធារណជនទូទៅ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាឱ្យសោះ និងគួរផ្ដល់ឱកាសការងារសម្រាប់ពួកគេ រាប់អានគ្នាធម្មតាក្នុងភាពជាប្រជាជាតិតែមួយ។

សម្ដេចតេជោបានក្រើនរំឭកថា ចំពោះអ្នកដែលមានដៃគូភេទដូចគ្នាក៏ត្រូវមានវិធានការការពារខ្លួនពីមេរោគនិងជំងឺអេដស៍ដែរ។ ក្នុងករណីសង្ស័យថាមានជំងឺអេដស៍ ត្រូវទៅធ្វើតេស្ដជាបន្ទាន់ ដើម្បីទទួលបានសេវាព្យាបាល។

នាយករដ្ឋមន្ត្រីដែលគិតគូរពីសុខមាលភាពប្រជាជនក៏បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសនឹងចូលរួមអនុវត្តវិធានការការពារខ្លួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឱ្យថមថយចេញពីប្រទេសកម្ពុជាវិញ ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកផ្ទុកជំងឺអេដស៍ឱ្យបានត្រឹមត្រូវផងដែរ៕