(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥០ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងម្ចាស់សហគ្រាសគ្រឹះស្ថាន មេត្តាអនុញ្ញាតដល់ភ្នាក់ងារសន្តិសុខឯកជន ក្នុងការផ្តល់ពេលវេលាសម្រាក និងផ្តល់ឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាណប័ណ្ណ ជាដើមសម្រាប់ការបោះឆ្នោត។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ដថា ប្រសិនបើក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ឬសហគ្រាសគ្រឹះស្ថាន ហាមឃាត់ ឬដកហូត អត្តសញ្ញាណប័ណ្ណរបស់ភ្នាក់ងារសន្តិសុខឯកជន ធ្វើឲ្យមិនបានបោះឆ្នោតនោះទេ ក្រុមហ៊ុនផ្តល់ សេវាសន្តិសុខឯកជន ឬសហគ្រាសគ្រឹះស្ថាន ឬបុគ្គលណាមួយ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់អំពីគុណតម្លៃរបស់ «សន្តិភាព» បានធ្វើឲ្យយើងទាំងអស់គ្នា រស់រៀនមានជីវិត រស់នៅដោយភាពសុខសាន្ត មិនភ័យខ្លាច និងធ្វើឲ្យជីវភាពសង្គមរីកចម្រើនព្រមទាំងមានការអភិវឌ្ឍន៍គ្រប់វិស័យ។ «សន្តិភាព» ផ្តើមចេញពីការបូជា សាច់ស្រស់ ឈាមស្រស់របស់បុព្វការីជន វរជន ដែលបាន លះបង់បូជាដើម្បីប្រជាជាតិ និងប្រទេសជាតិ ឲ្យឆ្លងផុតពីសង្គ្រាមប្រល័យពូជសាសន៍ ហើយនូវបន្តរក្សា «សន្តិភាព» នេះឲ្យគង់វង្សជាយូអង្វែង ដូច្នេះយើងទាំងអស់គ្នាត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីស្វែងរកនូវប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសន្តិភាព ជូនប្រទេសជាតិ។

ជាមួយគ្នានេះ លោកបានអះអាងថា វិស័យសន្តិសុខឯកជន ក៏បានដើរតួរក្នុងការរក្សាសន្តិភាព មួយផ្នែកផងដែរ គឺរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សំដៅការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេសគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។

បើតាមការលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវ ផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កង កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង ហេតុនេះហើយ ភ្នាក់ងារសន្តិសុខឯកជន ត្រូវទប់ស្កាត់បទល្មើស ចូលរួមសហការ និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា។

គួរជម្រាបថា នេះជាលើកទី៥០ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ បងប្អូនសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទីភារកិច្ច និងការទទួលខុសត្រូវ របស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, យល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក, កិច្ចសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ ព្រមទាំងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕