(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគធំៗ របស់អាមេរិក មានដូចជាក្រុមហ៊ុនរថយន្ត Ford, Cocacola, Viza, G.E និងក្រុមហ៊ុន Conoco Phillips បានបង្ហាញពីក្តីសោមនស្សរីករាយ ក្នុងការវិនិយោគនៅកម្ពុជា ហើយបានបង្ហាញការជឿជាក់ថា កម្ពុជាមានបរិយាកាសល្អ សម្រាប់ការវិនិយោគផងដែរ។
ការបង្ហាញពីអារម្មណ៍ជឿជាក់សម្រាប់ការវិនិយោគ នៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនធំៗរបស់អាមេរិក បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានរាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនោះ លោក ឡាស់ហ្វើរ៉ិនឌើ តំណាងក្រុមហ៊ុន Conoco Phillips បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា លោក ដឹកនាំអ្នកធុរកិច្ចធំៗ របស់អាមេរិក និងអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបសម្តេចពីវឌ្ឍនភាព នៃការធ្វើវិនិយោគនៅកម្ពុជា។
ក្នុងនាមជាអ្នកតំណាងឲ្យក្រុមហ៊ុន G.E ដែរនោះ លោក ឡាស់ហ្វើរ៉ិនឌើ បានថ្លែងថា ក្រុមហ៊ុន G.E ប្តេជ្ញាចិត្តបន្តវិនិយោគនៅកម្ពុជា លើគ្រប់វិស័យទាំងអស់។ ការធ្វើវិនិយោគពាណិជ្ជកម្មនៅកម្ពុជានេះ គឺក្នុងន័យជាដៃគូ ហើយកន្លងមកក្រុមហ៊ុន G.E ក៏បានចូលរួមចំណែកក្នុងការជួយជំរុញការ អភិវឌ្ឍប្រទេសកម្ពុជា កសាងសមត្ថភាពរបស់កម្ពុជា ក៏ដូចជាជួយកម្ពុជា លើវិស័យទឹកស្អាតផងដែរ។
សម្រាប់តំណាងក្រុមហ៊ុន Viza វិញ បានអរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណ បរិយាកាសទីផ្សារដ៏ល្អមួយធ្វើឱ្យក្រុម Viza ជោគជ័យ ក្នុងរយៈពេល១០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកតំណាងក្រុមហ៊ុន Cocacola បានជំរាប សម្តេចថា ក្រុមហ៊ុនកំពុងតែស្ថាបនាពង្រីកទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិកថែមទៀត កសាងរោងចក្រ ហើយរោងចក្រនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗ និងបានគោរពអញ្ជើញសម្តេចដើម្បីសម្ពោធ នៅខែធ្នូ ខាងមុខនេះ។
តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវការយោគយល់ និងគាំទ្រដល់ការវិយោគ របស់ក្រុមហ៊ុន Cocacola។
ដោយឡែកក្រុមហ៊ុនរថយន្ត Ford ដែលជាក្រុមហ៊ុនរថយន្ត ដ៏ល្បីរបស់អាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានបើកចំហ បរិយាកាសវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុន ពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំង ចំពោះបរិយាកាសវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងការរីករាយយ៉ាងខ្លាំង ចំពោះរបាយការណ៍វឌ្ឍនភាព របស់ក្រុមហ៊ុនទាំង៤ ខាងលើ ហើយក៏សូមឲ្យបន្តជួយដល់ការកសាងសមត្ថភាពរបស់កម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា គ្មានប្រទេសណាដែលអាចធ្វើការអភិវឌ្ឍ ដោយគ្មានធនធានមនុស្សនោះទេ។
ទន្ទឹមនេះ សម្តេចក៏បានអបអរសាទរចំពោះក្រុមហ៊ុន Cocacola ដែលបានពង្រីករោងចក្ររបស់ខ្លួន ដែលត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយសម្តេច ក៏បានអរគុណដល់បណ្តាក្រុមហ៊ុនទាំងអស់ ដែលមានជំនឿទុកចិត្ត ក្នុងការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានមាន ប្រសាសន៍ដែរថា សព្វថ្ងៃនេះ កំណែទម្រង់នៅកម្ពុជា កំពុងតែទទួល បានផលជាបណ្តើរៗហើយ។ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈជាអាទិ៍ចំណូលគយក្នុង៦ខែមកនេះ មានការកើនឡើងជាង១៩% ហើយចំណូលពន្ធ ក៏មានការកើនឡើងជាង១៨%ផងដែរ។
សម្តេចតេជោ បន្តថា កំណែទម្រង់សាធារណៈ និងកំណែទម្រង់ដទៃទៀត ក៏កំពុងតែផ្តល់ផលផងដែរ។ ដោយឡែកវិស័យកសិកម្ម ទោះបីកម្ពុជា បានជួបគ្រោះរាំងស្ងួតកន្លងមកក៏ដោយ ក៏ប្រជាកសិករបានត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សានេះ ហើយល្បឿនបង្កបង្កើនផលនោះសោត ក៏កំពុងតែមានការដាំដុះ បានយ៉ាងល្អប្រសើរផងដែរ៕