(កំពង់ឆ្នាំង)៖ លើកឡើងក្នុងឱកាសដឹកនាំក្រុមការងារចុះត្រូតពិនិត្យកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកំពង់លែង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ៥០សេ ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងបើកការរដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដូចនេះថា « គម្រោងសិក្សាផ្លូវ ៥០សេ គឺបានសិក្សាចប់សព្វគ្រប់អស់ហើយ ទាំងផ្នែកបរិស្ថាន ជល់ផល គឺមិនមានផលប៉ះពាល់អ្វីនោះទេ ដូចនេះសម្តេចតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ថា ឆ្នាំ២០២៤ នឹងរៀបចំបើកការដ្ឋានសាងសង់ផ្លូវ៥០សេ ភ្ជាប់ពីកំពង់ឆ្នាំង ទៅខេត្តកំពង់ធំនេះ»។
បន្ថែមពីនេះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរពីកំពង់ផែពហុបំណង របស់ផ្នែកឯកជនមួយដែលបានសាងសង់នៅជាប់ផ្លូវ ៥០សេនេះ ដើម្បីនាំយកទំនិញ នាំយកផលិតផលទេសចរណ៍ និងផលិតផលរ៉ែ យកទៅលក់នៅក្នុងទីផ្សារក្នុងស្រុក និងទៅផ្សារអន្តជាតិ ហើយការសាងសង់កំពង់ផែនេះ ពិតជាស៊ីចង្វាក់គ្នាជាមួយនឹងផ្លូវ៥០សេ នេះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ក្រោយការសាងសង់ផ្លូវ៥០សេ នេះរួច កសិកផលរបស់ប្រជាពលរដ្ឋពីខាងខេត្តព្រះវិហារ អាចមកតាមខេត្តកំពង់ធំ ចូលតាមផ្លូវ៥០សេ និងបន្តចូលក្នុងកំពង់ផែពហុបំណងមួយនេះដើម្បីអាចបន្តដឹកតាមកប៉ាល់ តាមព្រែកជីក ហ្វូណនតេជោ ឆ្ពោះទៅកាន់សមុទ្រ និងបន្តទៅក្រៅប្រទេសបានតែម្តង។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីសំខាន់ណាស់ ប្រៀបតាមនឹងសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះការដាក់ទុនក្នុងការសាងសង់ផ្លូវ គឺដើម្បីជម្រុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចំរើនថែមទៀត ក្នុងនោះដែរក្រសួងក៏នឹងនៅតែបន្តខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការដឹកជញ្ជូនឱ្យបានកាន់តែល្អប្រសើរថែមទៀត។
បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ(AC) និងមានលូវជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយនឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានដ៏វែងជាងគេនៅកម្ពុជាផងដែរ៕