(ភ្នំពេញ)៖ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានសហការរៀបចំកម្មវិធីតុមូលស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជំរុញ និងលើកទឹកចិត្តដល់ការកសាងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

ថ្លែងទៅកាន់វាគ្មិនកម្ពុជាចំនួន៤រូប វាគ្មិនចិនចំនួន១ និងអ្នកចូលរួមសរុបមានចំនួន១២០រូប លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាទស្សនវិជ្ជាចិនដែលមានអាយុកាល១០ឆ្នាំមក មានតម្លៃមហាសាល បានផ្តល់នូវការរួមគ្នាផ្តួចផ្តើមការកសាងសន្តិភាពសម្រាប់ពិភពលោកចំនួន៥គឺ ទី១-ការកសាងពិភពលោកប្រកបដោយសុខសន្តិភាពយូរអង្វែងតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួមសម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ទី៤-ការកសាងពិភពលោកប្រកបដោយភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍគំរូពណ៌បៃតងនិងកាបូនទាប។

លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានគូសរំលេចពីទស្សនវិជ្ជាចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្តីពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានបង្ហាញពីគតិបណ្ឌិតរបស់លោក Xi Jinping ដែលបានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា «គ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងនូវបញ្ហាប្រឈមនានាដែលមនុស្សជាតិជួបប្រទះ បានឡើយ ហើយក៏គ្មានប្រទេសណាអាចដកថយទៅកាន់កោះដែលបិទបាំងរស់នៅតែឯកឯងបានឡើយ។ សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការជាសកលត្រូវតែអនុវត្ត»។

ជាសច្ចភាពបានបង្ហាញយ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងអស់ក្នុងពិភពលោក ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ ដោយគ្រាន់តែកាន់បដានៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នាជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាតជាមួយនឹងសន្តិសុខរួម បោះបង់ល្បែងផលបូកស្មើសូន្យដោយជំនួសមកវិញនូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះឈ្នះ ការពារជម្លោះអរិយធម៌តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា។

លោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានសង្កត់ធ្ងន់ថា គឺទស្សនវិជ្ជានេះហើយដែលបាននិងកំពុងចូលរួមប្រែក្លាយពិភពលោកទៅជាភូមិសកលមួយដែលយើងអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ ទស្សនវិជ្ជានេះមានសសរស្តមចំនួន៤គឺ ទី១-គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៣ ទី២-គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទី៣-គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានផ្តួចផ្តើមឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ និងទី៤-គំនិតផ្តួចផ្តើមអរិយធម៌សកលដែលត្រូវផ្តួចផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក ចៅ សាង ទីប្រឹក្សាក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលតែងប្រកាន់ខ្ជាប់ពហុភាគីនិយម និងប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលជា «យុថ្កាលំនឹងស្ថិរភាព» របស់ពិភពលោក។ ប្រទេសណាក៏ដោយដែលបន្តទំនើបកម្មគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួបរួម កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម ហើយប្រកាន់យកផ្លូវនៃការផ្តួចផ្តើមរួមគ្នា ការចែករំលែក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

លោក ជឹង ឆោមមុន្នី បានថ្លែងថា ប្រទេសជុំវិញពិភពលោកជិះលើកទូករួមវាសនាតែមួយដើម្បីឆ្លងកាត់ សមុទ្រដែលមានខ្យល់ព្យុះឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ប្រទេសទាំងអស់ត្រូវរួមគ្នាចែវទូកដោយព្យាយាមមិនបោះបង់ចោលនរណាម្នាក់ចូលទៅក្នុងសមុទ្រ។ ការអភិវឌ្ឍរបស់សហគមន៍អន្តរជាតិមកដល់សព្វថ្ងៃនេះបានក្លាយជាម៉ាស៊ីនដ៏ស្មុគស្មាញ និងមានសរីរាង្គរុះរើសមាសធាតុមួយណាចេញនឹងធ្វើឱ្យម៉ាស៊ីនទាំងមូលប្រឈមនឹងការលំបាកធ្ងន់ធ្ងរក្នុងការប្រតិបត្តិការ ហើយអ្នកដែលត្រូវបានគេរុះរើនឹងរងការខូចខាតក្នុងពេលដែលអ្នកដែលរុះរើក៏នឹងរងការខូចខាតដែរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថាកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិបានឆ្លុះបញ្ចាំងពីចក្ខុវិស័យសកលរបស់ប្រទេសចិនក្នុងការបង្រួបបង្រួមការអភិវឌ្ឍរបស់ខ្លួនជាមួយពិភពលោក៕