(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី បានផ្ដល់កាតាបនិងសម្ភារសិក្សាសរុបចំនួន១១,០៤០កញ្ចប់ ដល់សាលាបឋមសិក្សាក្នុងចំនួន៣ មានស្រុកកំពង់ស្វាយ ស្រុកតាំងគោក និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។
ពិធីប្រគល់ និងទទួលសម្ភារសិក្សានេះធ្វើឡើងតាមរយៈលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកស្រី ឃួន ឃុនឌី សមាជិកព្រិទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅសាលាបឋមសិក្សាថ្នល់បែក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
លោក ញ៉ឹក បានខេង បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលបាននាំយកអំណោយជាកាតាបនិងសម្ភារសិក្សាចំនួន១១,០៤០កញ្ចប់ មកប្រគល់ជូនសិស្សនៃសាលាបឋមសិក្សាក្នុងស្រុកទាំង៣នៃខេត្តកំពង់ធំ សម្រាប់សិស្សានុសិស្សបានប្រើប្រាស់ក្នុងការសិក្សា និងបានជួយដោះស្រាយទុក្ខលំបាកមួយចំនួនរបស់មាតាបិតា និងអាណាព្យាបាលបានខ្លះផងដែរ។
លោកស្រី ឃួន ឃុនឌី បានអំណរគុណដល់ថ្នាក់ដឹកនាំដែលតែងតែគិតគូយកចិត្តទុកដាក់ដល់កុមារ តួយ៉ាងសម្ភារសិក្សាទាំងអស់នេះនឹងត្រូវបានបំពេញការខ្វះខាតរបស់សិស្ស ដើម្បីយកមកប្រើប្រាស់ក្នុងការសិក្សា ក៏ដូចជាលើកទឹកចិត្តពួកគាត់ខិតខំរៀនសូត្រមានចំណេះដឹងកាន់តែល្អប្រសើរ ព្រមទាំងកោតសរសើរដល់លោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀនសិស្សអស់ពីកម្លាំងកាយចិត្ត ធ្វើឱ្យធនធានមនុស្សក្នុងខេត្តកំពង់ធំមានការរីកចម្រើនកើនឡើងក្លាយជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគត។
លោកស្រីបានណែនាំឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ ស្ដាប់ឪពុកម្តាយ ខិតខំស្តាប់លោកគ្រូ អ្នកគ្រូបង្រៀនឱ្យក្លាយជាសិស្សពូកែ ហើយត្រូវគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀន។
លោក សួស យ៉ារ៉ា ក៏បានឱ្យដឹងថា ប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងគិតគូរជាចម្បងលើកត្តាធនធានមនុស្ស ជាពិសេសសាលារៀនមានគ្រប់ទីកន្លែងមកដល់ភូមិដ្ឋានកន្លែងរស់នៅរបស់ពួកគាត់។
លោកបន្តថា គ្រូបង្រៀនប្រៀបបានទៅនឹងឪពុកម្ដាយទី២របស់សិស្ស ជាថ្នាលបណ្ដុះបណ្ដាលយុវជនជំនាន់ ក្រោយមានចំណេះដឹង មានអនាគត សម្រេចនូវក្ដីសុបិន្ត មានជំនាញច្បាស់លាស់ មានការងារធ្វើ និងប្រែក្លាយធនធនមនុស្សឱ្យទៅជាមូលធនមនុស្ស គឺជាលុយដែលមិនចេះរីងស្ងួ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យដើរទាន់សម័យការបច្ចេកវិទ្យាទំនើប។
លោកសំណូមពរឱ្យសិស្សានុសិស្សទាំងអស់ត្រូវខិត្តខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីកសាងសេចក្តីសុបិនរបស់យើងទៅថ្ងៃអគត់ និងសូមឱ្យលោកគ្រូអ្នកគ្រូជួយបង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងបន្ថែមទៀតដល់សិស្សឱ្យក្លាយជាបញ្ញាវន្តសម្រាប់កសាងប្រទេសជាតិ។
សូមបញ្ជាក់ថា កាតាបនិងសម្ភារសិក្សាចំនួន១១,០៤០កញ្ចប់ជាអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាចំនួនបីស្រុកក្នុងខេត្តកំពង់ធំ ទទួលបានរួមមាន៖ ស្រុកកំពង់ស្វាយទទួលបានចំនួន៦៩សាលា សិស្សទទួលបានអំណោយសរុបចំនួន៩៥៩៧នាក់ ស្រុកតាំងគោកទទួលបាន១សាលា សិស្សទទួលអំណោយសរុប២០៣នាក់ និងស្រុកប្រាសាទបល្ល័ង្កទទួលបានចំនួន៩សាលា សិស្សទទួលអំណោយសរុប១,២៤០៕