(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌សម្រាប់ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងលិខិតថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រខ្មែរនៅថ្ងៃទី២៥ ខែកក្កដា នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈ ដ៏ខ្ពង់ខ្ពស់បំផុត តែងតែងប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់សង្រ្គោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ តែងបានព្រះរាជទានព្រះរាជទ្រព្យរបស់ព្រះអង្គ ១ពាន់ដុល្លារជារៀងរាល់ខែ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕