(កំពង់ចាម)៖ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យតំណាងលោក វង សូត រដ្ឋមមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ដើម្បីលើកកម្ពស់សិទ្ធិ និងការពារឧត្តមប្រយោជន៍កុមារ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារមួយចំនួនទៀត។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់អន្តរជាតិនានា និងបានដាក់ចេញនូវវិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើន។

លោកបន្តថា ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្រ្តទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងផែនការមួយចំនួនដែលពាក់ព័ន្ធកិច្ចការពារ និងលើកម្ពស់សិទ្ធិកុមារ។

លោកបានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការ និងថវិកាឆ្លើយតប លើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។

សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល បណ្តាញកុមារ និងយុវជន រួមគ្នាបន្តពង្រឹងការអនុវត្តអនុសាសន៍ឱ្យកាន់តែប្រសើរឡើង។ ជាពិសេស គឺការចែករំលែកព័ត៌មាន និងបទពិសោធន៍ថ្មីៗលើការអនុវត្តអនុសាសន៍ និងការដាក់បញ្ចូលអនុសាសន៍ទៅក្នុងផែនការសកម្មភាពនិងថវិការបស់ក្រសួង ស្ថាប័ន។ ទន្ទឹមនេះ អង្គសិក្ខា សាលាក៏នឹងផ្តល់នូវធាតុចូលជាមូលដ្ឋានសម្រាប់ធ្វើការត្រួតពិនិត្យនិងតាមដានព្រមទាំងបង្កើនសមត្ថភាពដល់ មន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំផែនការឆ្លើយតបទៅនឹងអនុសាសន៍ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានទទួលអនុសាសន៍មួយចំនួន ដែលជាសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ក្នុងគោលដៅពង្រឹងការអនុវត្តអនុសាសន៍នេះ ឱ្យបានទូលំទូលាយ និងធានាការពារឧត្តមប្រយោជន៍របស់កុមារកម្ពុជាទាំងអស់ រាជរដ្ឋាភិបាលបានចេញសារាចរលេខ០៦សរ. ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

សារាចរបានណែនាំដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឱ្យបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចបាននូវការអនុវត្តកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ជាពិសេសបង្កើតប្រពន្ធ័ទិន្នន័យកុមារឱ្យបានទូលំទូលាយ ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ដោយកំណត់ជាច្រកចេញ ចូលតែមួយ នៃការងារដែលផ្តោតលើវិស័យ កុមារ និងត្រូវពង្រឹងការសម្របសម្រួលការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយ ដោយពិនិត្យ និងបែងចែកអនុសាសន៍ទៅក្រសួង ស្ថាប័ន ព្រមទាំងជំរុញឱ្យក្រសួង ស្ថាប័ន ដាក់បញ្ចូលគ្រប់អនុសាសន៍ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ទៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធានាថាកុមារគ្រប់រូបទទួលបាននូវសុខុមាលភាពល្អប្រសើរ៕