(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់អំណោយដល់កម្មករប្រមូលសំរាមទាំង ៣ក្រុមហ៊ុន និងកម្មករនៃមន្ទីរសាធារណការរាជធានីភ្នំពេញ ២៥៦៣នាក់ តាមរយៈលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
គួរជម្រាបថា នៅរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ បាននិងកំពុងប្រតិបត្តិការការងាររបស់ខ្លួន លើការប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានស្អាត ដោយក្រុមហ៊ុនទាំង៣នេះបានប្រមូល និងដឹកជញ្ជូនសំរាមបានប្រមាណ ៣៧០០តោនក្នុងមួយថ្ងៃ។
លោក ម៉ប់ សារិន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន៣ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួន កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក។
ក្រុមហ៊ុនទាំង៣នោះ៖ ១-ក្រុមហ៊ុន 800 Super ផ្តល់សេវាក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌ មានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ទី២-ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់សេវាក្នុងតំបន់ទី២ មាន៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ទី៣-ក្រុមហ៊ុន CINTRI ផ្តល់សេវាក្នុងតំបន់ទី៣ ដែលមាន៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
បន្ថែមពីលើនេះ លោកក៏បានកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះកម្មករ/កម្មការិនីក្រុមហ៊ុនប្រមូលសំរាមទាំង៣ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងាររបស់ខ្លួនធ្វើឲ្យរាជធានីភ្នំពេញ ទទួលបានការកោតសរសើរពីថ្នាក់ជាតិ/អន្តរជាតិ តាមរយៈកម្ពុជាធ្វើជាជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣កន្លងមកនេះ។ នេះពិតជាបានមកពីបាត់ដៃរបស់កម្មករ កម្មការិនី ក្រុមហ៊ុនប្រមូលសំរាមទាំង៣ សហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរ។
លោក ម៉ប់ សារិន បន្តទៀតថា ការប្រគល់អំណោយជូនកម្មករ/កម្មការិនីទាំង៣ក្រុមហ៊ុន និងជូនកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនាពេលនេះ គឺមានបំណងចែករំលែកនូវភាពជោគជ័យរបស់កម្មករ ដែលបានបំពេញការងារយ៉ាងល្អកន្លងមក ហើយក៏ជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់។
ជាក់ស្តែងនៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជូនកម្មករ/កម្មការិនីទាំងបីក្រុមហ៊ុន និងជូនកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន២៥៦៣នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន២ម៉ឺនរៀល៕