(កំពង់ធំ)៖ ម្ចាស់ចំការទុរេនម៉ានថង នៅចំការអណ្ដូង ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានរសជាតិឆ្ងាញ់ គ្មានសារធាតុគីមី កំពុងមមាញឹកប្រមូលផលលក់ចេញទៅកាន់ទីផ្សារ។
ម្ចាស់ចំការទុរេន ដែលមានដីជិត១១០ហិចតា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ទុរេនក្នុងចំការរបស់គាត់នេះ ទើបប្រមូលផលឆ្នាំទី១ ប៉ុណ្ណោះ ខណៈការប្រមូលផលបាន១៤ថ្ងៃហើយ និងកំពុងធ្វើការប្រមូលផល ជាបន្តបន្ទាប់ ចំណែកការចែកចាយ គឺមានបងប្អូនចូលមកទិញទទួលទានដល់ចម្ការ និងមានការកម្មង់ទៅដាក់តាមទីផ្សារផងដែរ។
លោកបញ្ជាក់ទៀតថា ទុរេនដែលប្រមូលផលបាន មាន១១០ហិចតា និងមានគម្រោងដាំបន្ថែម១០០ហិចតាជាងទៀត ឥឡូវដាំបាន៥០ហិចតាហើយ នៅ៥០ហិចតាទៀតនេះជាគម្រោងដាំថ្មី ក្នុងឆ្នាំ២០២៣។ លោកបន្ដថា ការដាំដុះរបស់គាត់ប្រើប្រាស់ជី និងថ្នាំធម្មជាតិ គ្មានប្រើប្រាស់ជាតិគីមីទេ មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទានទេឡើយ។
ប្រជាពលរដ្ឋដែលបានទៅចំការដោយផ្ទាល់ ក្នុងថ្ងៃចុងសប្ដាហ៍ បានលើកឡើងថា ក្នុងឱកាសឆ្លៀតនាំគ្រួសារដើរកម្សាន្ដ ពួកគាត់ក៏បានចូលទិញដល់ចំការតែម្ដងដើម្បីទទួលទាន ចៀសវាងទិញតាមផ្សារ ខ្លាចប៉ះចំទុរេនដាក់ថ្នាំគីមីជាដើម៕