(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទៅអនាគត ដោយផ្អែកលើបទពិសោធន៍ដែលបានប្រមូលផ្តុំនៅប្រទេសកូរ៉េ។
ពិធីនេះធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Oakwood រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសមាគមអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េនៃកម្ពុជា (KAAC = Korea Alumni Association of Cambodia) ហើយឧបត្ថម្ភដោយអង្គភាពទេសចរណ៍កូរ៉េ (សាខាទីក្រុងហាណូយ) និងសាជីវកម្មពាណិជ្ជកសិជលផល និងអាហារ (សាខាទីក្រុងហូជីមិញ)។
ក្នុងកម្មវិធីនេះមានការចូលរួមពីអតីតនិស្សិតកម្ពុជាប្រមាណ១៥០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកូរ៉េ តាមរយៈកម្មវិធីផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េសម្រាប់និស្សិតបរទេស (GKS) និងកម្មវិធីអាហារូបករណ៍របស់ KOICA។ល។ ហើយកំពុងបំពេញការងារនៅគ្រប់វិស័យ មានដូចជាក្នុងជួររដ្ឋាភិបាល សាជីវកម្ម សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលជាដើម។
តាមរយៈសុន្ទរកថាស្វាគមន៍ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ បានស្នើដល់អតីតនិស្សិតដែលបានសិក្សានៅប្រទេសកូរ៉េទាំងអស់ ចូលរួមចំណែកដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទៅអនាគត ដោយផ្អែកលើបទពិសោធន៍ដែលបានប្រមូលផ្តុំនៅប្រទេសកូរ៉េ។
សមាគមអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េនៃកម្ពុជា (KAAC) បានលើកឡើងថា ចាប់តាំងពីសមាគមនេះបានបង្កើតឡើងក្នុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នមានសមាជិកប្រមាណ៤០០នាក់ និងកំពុងចូលរួមក្នុងសកម្មភាពនានាជាច្រើន ដូចជា កម្មវិធីសប្បុរស ការធ្វើសិក្ខាសាលា អំពីការសិក្សានៅប្រទេសកូរ៉េ ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរជាមួយសមាគមអតីតនិស្សិត សិក្សានៅប្រទេសផ្សេងៗទៀត។
លោកបានឱ្យដឹងថា សមាគមនេះនឹងរីកលូតលាស់ក្លាយ ទៅជាសមាគមមួយ ដែលរួមចំណែកក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្តីពីពិព័រណ៍ពិភពលោកប៊ូសាន ឆ្នាំ២០២៣ នៅឯកិច្ចជំនួបលើកនេះ និងផ្តល់ជូន Bokbunja wine ដែលឧបត្ថម្ភដោយសាជីវកម្មពាណិជ្ជកសិក-ជលផល និងអាហារ (សាខាទីក្រុងហូជីមិញ) ដើម្បីផ្សព្វផ្សាយពីស្រាប្រពៃណីកូរ៉េ។ លើសពីនេះទៀត ដោយទទួលបានការឧបត្ថម្ភពីអង្គភាពទេសចរណ៍កូរ៉េ (សាខាទីក្រុងហាណូយ) ដូចជាសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍កូរ៉េ តុក្កតាតំណាងឱ្យអង្គភាពទេសចរណ៍កូរ៉េ និងថង់អេកូ ត្រូវបានផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់៕