(ត្បូងឃ្មុំ)៖ ដោយក្តីអាណិតអាសូរ មានបេះដូងមនុស្សធម៍ និងការយកចិត្តទុកដាក់ខ្ពស់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកស្រី ម៉េង វ៉ាន់ដានីន ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកាសាខាសាមគន៍ អញ្ជើញបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ទៅចែកផ្តល់ជូនស្ត្រីចាស់ជរា គ្មានទីពឹង ជួបការលំបាកក្នុងជីវភាព ចំនួន២២គ្រួសារ ដល់ខ្នះផ្ទះ នៅក្នុងស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោកស្រី ម៉េង វ៉ាន់ដានីន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ ក៏ដូចជារដ្ឋបាលខេត្ត ដែលជានិច្ចកាល តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាក់ស្តែងអំណោយមានដូចជាគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនផងដែរ។

លោកស្រី ម៉េង វ៉ាន់ដានីន ក៏បានបង្ហាញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយភាពមនុស្សធម៌ និងក្តីអាណិតអាសូរជាពន់ពេក ហើយចំពោះអំណោយដែលយកមកផ្តល់ជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ពួកគាត់ បានមួយរយៈផងដែរ។

ជាការឆ្លើយតប ស្ត្រីចាស់ជរា គ្មានទីពឹង ជួបការលំបាកក្នុងជីវភាព ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពីទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់គិតគូរបែបនេះ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ប្រធានប្រតិបត្តិសាខាសមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារសមាគម ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង ពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជាក់ស្តែងនេះតែម្តង៕