(ភ្នំពេញ)៖ កាន់តែមានភាពងាយស្រួល និងប្រសើរឡើងសម្រាប់សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅដោយគ្រាន់តែបង់ប្រាក់តែ ១ដុល្លារ ក្នុងមួយខែ អាចជ្រើសរើសរៀននូវមុខជំនាញវិជ្ជាជីវៈ តាមតម្រូវការ ក្នុងកម្មវិធីបង្រៀនមួយមានជាង ១៦០០ មុខវិជ្ជា បង្រៀន២៤ម៉ោងក្នុងមួយថ្ងៃ ពេញក្នុងមួយសប្ដាហ៍ រួមទាំងថ្ងៃបុណ្យឈប់សម្រាកនានា។

កម្មវិធីសិក្សានេះ មានបង្រៀនជាភាសា អង់គ្លេស ចិន ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងខ្មែរ តាមប្រព័ន្ធអនឡាញ RESKILLS ដោយមានការសហការ រវាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលម៉ូឌែន៥ ជាមួយ RESKLLS ម៉ាឡេស៊ី ដោយមានគ្រូបង្វឹក និងអ្នកជំនាញឧស្សាហកម្មជាអន្តរជាតិ។

នេះជាការលើកឡើងរបស់បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញជាអន្តរជាតិ និងសន្និសិទ្ធសារព័ត៌មានស្តីពី Reskill នៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសនោះដែរបណ្ឌិត ក៏បានប្រកាសពីការផ្ដល់អំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាជនទូទៅ សម្រាប់អ្នកមានបំណងរៀនមុខជំនាញវិជ្ជាជីវៈ ទៅតាមការជ្រើសរើស ក្នុងចំណោមមុខវិជ្ជាជាង ១៦០០នេះ ចំនួន៥០០០ នាក់ ដោយឥតមានបង់ថ្លៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលម៉ូឌែន៥ ខណៈបច្ចុប្បន្នកម្មវិធីសិក្សា Reskill មានសមាជិកចូលរៀនជាង ១លាននាក់ នៅតាមបណ្តា ៣០ប្រទេស ។

ដើម្បីចុះឈ្មោះរៀន​តាមរយៈការផ្តល់ជូនដោយឥតគិតថ្លៃនេះ សូមចូលវែបសាយ​ www.reskills.com/register និងបំពេញព័ត៌មាន និង​ត្រង់​ Invitation Code ដាក់លេខកូដនេះ​ HUNSEN4U។

លោកបណ្ឌិតបានលើកឡើងបន្តថា ដោយសារស្ថានភាពសុខសន្តិភាព ស្ថេរភាព ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាបច្ចុប្បន្ន ទើបមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ សហការជាមួយកម្មវិធីសក្សា Reskill ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលមានតម្រូវការចាំបាច់ក្នុងការបង្កើនធនធានមនុស្ស និងក្នុងគោលបំណង រួមចំណែកបណ្តុះបណ្តាល លើជំនាញស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដឹកនាំ គ្រប់គ្រង ចំណេះដឹងទូទៅ និងបណ្តុះបណ្តាលគរុកោសល្យ។

ការបណ្តុះបណ្តាលនេះ មាន៣ ផ្នែកធំៗដូចជា ការអភិវឌ្ឍន៍ជំនាញអាជីព ការអភិវឌ្ឍន៍អាជីពការងារ និងការងារជំនួញភាពជាសហគ្រិន ខណៈវិញ្ញាបនបត្រផ្តល់ដោយក្រុមហ៊ុន Reskill ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា និងជាអន្តរជាតិ ដូចជា អាមេរិក និងអង់គ្លេសជាដើម។

ក្រុមហ៊ុន Reskill គឺជាប្រព័ន្ធអប់រំ ដែលផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សគ្រប់ជំនាញបែបទំនើបលើប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់សិក្ខាកាម និងអ្នកសិក្សាគ្រប់កម្រិត គ្រប់ជាតិសាសន៍នៅលើសកលលោក ក្នុងតម្លៃសមរម្យបំផុត។

ក្នុងដំណើរបេសកកម្មរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់បច្ចុប្បន្ន Reskill សម្រេចបានការផ្តល់វិញ្ញាបនបត្រចំនួន ១៨៩៦៧៣ ដែលមានគ្រូជំនាញបណ្តុះបណ្តាលជាង ៥០០នាក់ លើសកលលោក៕