(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ដែលជាការធ្វើបច្ចុប្បន្នកម្មពី ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥។

នេះជាការធ្វើបច្ចុប្បន្នកម្មជាលើកទី៤ ហើយគិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០០១ មក ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចរំពឹងទុកបាន។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានថ្លែងក្នុងឱកាសនៃកិច្ចប្រជុំថា «តាមរយៈឯកសារដ៏មានសាៈសំខាន់នេះ វិស័យហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនដែលជួយគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ»

លោកបានបន្ដថា ជាទូទៅឯកសារយុទ្ធសាស្ត្ររយៈពេលវែង ត្រូវបានធ្វើបច្ចុប្បន្នកម្ម នៅរៀងរាល់៥ឆ្នាំម្តង គឺនៅពាក់កណ្តាលនៃអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាមការវិវត្ត និងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាពង្រឹងការអនុវត្តគោលនយោបាយនានា ក្នុងផែនការសកម្មភាពអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

កន្លងមកក្រុមការងារបច្ចេកទេស នៃអាជ្ញាធរហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារ បានជួបពិភាក្សាច្រើនលើកច្រើនសារជាមួយក្រុមជំនាញការ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ជាធាតុចូលនានា ដើម្បីរួមចំណែកកែលម្អខ្លឹមសារនៃសេចក្តីព្រាង ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ស្របតាមសមិទ្ធផល ការប្រឈម និងទិសដៅនៃការអភិវឌ្ឍទៅតាមវិស័យនីមួយៗ។

លោក ជា ចាន់តូ បានស្នើសុំឱ្យតំណាងអាជ្ញាធរហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ និងភាគីពាក់ព័ន្ធផ្សេងទៀតសហការផ្តល់ធាតុចូល ដើម្បីពង្រឹងភាពជាម្ចាស់នៃឯកសារយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយប្រសិទ្ធភាព៕