(កំពង់ធំ)៖ លោកបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមវិធីប្រកាសបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាសរុបចំនួន ១,៤៣៦នាក់ នារីចំនួន៦១៧នាក់។

ក្នុងនោះ មានប្រភពមកពីគណបក្សផ្សេងៗដូចជា៖

*ទី១៖ សមាជិក សមាជិកា គាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៦១៧នាក់ (នារី៣១៦នាក់)
*ទី២៖ សមាជិក សមាជិកា បានផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៦៧៥នាក់ (នារី២៣៦នាក់)
*ទី៣៖ សមាជិក សមាជិកា បានផ្ដាច់ខ្លួនចេញពីគណបក្សខ្មែរស្រឡាញ់ជាតិ មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១១៥នាក់ (នារី៥២នាក់)
*ទី៤៖ សមាជិក សមាជិកា បានផ្ដាច់ខ្លួនចេញពីគណបក្សហ៊្វុស៊ិនប៉ិច មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន២៩នាក់ (នារី១៣នាក់)។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត លោកសូមសម្ដែងនូវការអរគុណ និងកោតសរសើរដ៏ស្មោះចំពោះកិច្ចសហការដ៏ល្អ និងមានប្រសិទ្ធភាពបំផុតរវាង ក្រុមការងារសម្របសម្រួល ចលនាក្រៅប្រព័ន្ធ នៃក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៏ ឯ.ក និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្នុងការរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ។

លោកបានបន្តទៀតថា កន្លែងណាដែលប្រជាជនមានទុក្ខ និងជួបការលំបាក ទីនោះគឺមានវត្តមានរបស់គណបក្សប្រជាជនកម្ពុជា សមដូចពាក្យថា «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» គណបក្សប្រជាជនកម្ពុជាជានិមិត្តរូបនៃការផ្លាស់ប្តូរពី សង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្នុងទូទាំងប្រទេស។

គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា គឺជាមហាគ្រួសារតែមួយ ពោលគឺជាគណបក្សតែមួយគត់ ដែលបាននឹងកំពុងរស់នៅជាមួយប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាលទាំងអស់។ គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខ ជាមួយប្រជាជន ដោយមិនរត់ចោលប្រជាជន និងមិនបោះបង់ប្រជាជន បានសេចក្តីថា គណបក្សនេះបាន និងកំពុងបន្តយកចិត្តទុកដាក់បំផុតចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទីកន្លែងទាំងអស់ក្នុងទូទាំងប្រទេស។

ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត គណបក្សប្រជាជនកម្ពុជា គឺជាស្នូលដំរឹងមាំនិងជាវិមានដ៏សុខសាន្ត ដែលមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជា ក្នុងការបន្តការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានវឌ្ឍនភាព ជាងនេះថែមទៀត ក្នុងនោះការការពារសុខសន្តិភាព ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយចិរភាព ដូចបណ្តាប្រទេសជឿនលឿននៅលើពិភលោក គឺជាគោលដៅដ៏សំខាន់បំផុត របស់គណបក្សដ៏អស្ចារ្យនេះ។

ក្នុងតថភាពជាប្រវត្តិសាស្ត្រ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីគេជោ ហ៊ុន សែន បានប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឈរលើមូលដ្ឋាននីតិរដ្ឋ ក្នុងន័យលើកកម្ពស់ មនសិការស្នេហាជាតិ ដល់មន្ត្រីគណបក្សគ្រប់ លំដាប់ថ្នាក់ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ឱ្យគិតគូរ និងបន្តគិតគូរ ព្រមទាំងយកចិត្តទុកដាក់ជានិច្ច ជាមួយប្រជាជន និងបម្រើប្រជាជន ឱ្យបានល្អបំផុត។

លោកអរគុណសមាជិកទាំងអស់ដែលមានជំនឿជឿជាក់ ហើយបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចផ្តល់ សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគត ព្រមទាំងអំពាវនាវដល់សមាជិកទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានមាននិមិត្តសញ្ញាទេវតាបាចផ្កាជាសម្គាល់៕