(ភ្នំពេញ)៖ ក្រុមហ៊ុន Renet Japan Cambodia Co., Ltd បានរងនូវការចោទប្រកាន់ថា ដើរដកហូតឡានរបស់អតិថិជនដែលបង់រំលោះពីឯកជន ដោយគ្មានដីការបស់តុលាការ និងគ្មានមូលហេតុច្បាស់លាស់យ៉ាង អនាធិបតេយ្យ ដែលគិតជាទឹកប្រាក់រហូតដល់ខ្ទង់លានដុល្លារថែមទៀតផង សម្រាប់ជនរងគ្រោះដែលខាតបង់សម្រាប់ការវិនិយោគមួយនេះ ពីព្រោះមានជនរងគ្រោះច្រើននាក់ដែលបានទៅខ្ចីលុយពីក្រុមហ៊ុនជប៉ុន រួចយកមកទម្លាក់ដាក់ជួលឡានបន្តទៅឲ្យអតិថិជនរបស់ខ្លួន។
ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន Renet Japan Cambodia Co., Ltd បានរៀបរាប់ថា ក្រុមហ៊ុនជប៉ុនមួយនេះ បានរកស៉ីទម្លាក់លុយឲ្យអតិថិជនរបស់ខ្លួន ដើម្បីខ្ចីបង់រំលោះរថយន្ដ ហើយអ្នកដែលបង់រំលោះនោះ បានយករថយន្ដទៅដាក់ជួលបន្ដដើម្បីទទួលបានកម្រៃប្រចាំខែ។
ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេលយករថយន្ដនោះទៅជួលបន្ដឲ្យអ្នកប្រើប្រាស់ផ្សេងទៀត ខ្លួនបានបង់ប្រាក់ប្រចាំជូនទៅខាងក្រុមហ៊ុន ReNet Japan Cambodia Co., Ltd យ៉ាងទៀងទាត់ ប៉ុន្ដែមិនដឹងមូលហេតុអ្វីឡើយ ស្រាប់តែបុគ្គលិករបស់ក្រុមហ៊ុន ចុះទៅយកហូតរថយន្ដនោះពីអ្នកជួលនៅតាមដងផ្លូវ យានដ្ឋាន និងតាមផ្ទះជាដើម ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ។
អតិថិជនរបស់ក្រុមហ៊ុន Renet Japan Cambodia Co., Ltd បានបង្ហើបទៀតថា ការចុះទៅដកហូតនេះទំនងក្រុមហ៊ុន មានបញ្ហាជាមួយបុគ្គលិករបស់ខ្លួន តែពួកគាត់មិនដឹងច្បាស់នោះទេ។ ពួកគាត់បន្ថែមថា សម្រាប់រថយន្តនីមួយៗ ក្រុមហ៊ុននេះធ្វើកិច្ចសន្យាពីរផ្សេងគ្នា ទី១៖ កិច្ចសន្យាដាក់តម្លៃរថយន្តត្រឹមត្រូវតាមក្រដាសទិញ-លក់ពីហាងលក់រថយន្ត និងទី២៖ កិច្ចសន្យាដាក់តម្លៃរថយន្តគុណនឹងពីរ។ ដោយមេធាវីខាងក្រុមហ៊ុន ដែលជាអ្នករៀបចំធ្វើឯកសារកុងត្រាបង់រំលោះ ធានាអះអាងថា ឯកសារនេះក្រុមហ៊ុនគ្រាន់តែធ្វើដើម្បី report ទៅប្រទេសជប៉ុនប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា រាល់ការបង់រំលោះរថយន្តទាំងអស់ពីក្រុមហ៊ុន Renet Japan Cambodia Co., Ltd អតិថិជនទាំងអស់មិនជាប់ឈ្មោះនៅ CBC ទេ ទោះបីពួកគាត់បង់រំលោះរថយន្តម្នាក់ៗ រហូតទៅដល់រាប់សិបគ្រឿងក៏ដោយ។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន Renet Japan Japan Cambodia Co., Ltd បាននៅឡើយទេ គិតត្រឹមពេលចុះផ្សាយនេះ។ ប៉ុន្ដែគេគ្រាន់តែដឹងថា ករណីនេះមានការប្ដឹងផ្ដល់គ្នាជាបន្ដបន្ទាប់រវាងក្រុមហ៊ុន Renet Japan Cambodia Co., Ltd ជាមួយអ្នកបង់រំលោះ រហូតសំណុំរឿងខ្លះត្រូវបានតុលាការចេញដីការក្សាការពារទ្រព្យសម្បត្តិរបស់អតិថិជនថែមទៀតផង។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាជួយអន្ដរាគមន៍លើករណីនេះ ដើម្បីចៀសវាងនូវភាពអយុត្តិធម៌កើតឡើងចំពោះភាគីណាមួយ៕