(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន និងលោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៣,៦០០នាក់ នៅវិមាន៧មករា។

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយផ្តើមចេញពីការថ្លែងអំណរគុណចំពោះវត្តមានយ៉ាងកក់ក្ដៅរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញ ជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់ ព្រមទាំងសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងស្នាដៃការងារនានារបស់ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ។

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី បានរាយការណ៍ ជូនគណៈអធិបតី និងអង្គពិធី ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ សុខុមាលភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលម្អជីវភាពរស់នៅ។

ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា គឺរៀបចំឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដោយសម្តេចបានលើកឡើងថា ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សាភ្ជាប់ គិតគូរជួយដោះស្រាយ បញ្ហាប្រឈមនានាជូនបងប្អូន នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ ជីវភាពពួកគាត់ ជាពិសេសបុគ្គលក្នុងវិស័យសេវាកម្សាន្ត ដោយត្រូវរៀបចំផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដើម្បីទទួលបានសេវាថែទាំជំងឺ ដោយឥតគិតថ្លៃ។

ថ្លែងទៅកាន់សមាជិក សមជិកា គណបក្សប្រជាជនកម្ពុជា បម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា «ការជួបជុំនាពេលនេះ បានបង្ហាញពីកម្លាំងរឹងមាំ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង១២,០០០នាក់»

ទន្ទឹមនឹងការលើកឡើងខាងលើ សម្ដេចកិត្តិសង្គហបណ្ឌិត បានយកឱកាសនៃជំនួបនេះ រំលឹកអំពីប្រវត្តិសមិទ្ធផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្រ្គាម និងស្វែងរកសុខសន្តិភាព រហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសពីមួយដំណាក់កាល ទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងភាពជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនានា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានគូសបញ្ជាក់បន្ថែមអំពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គិតគូរគ្រប់ជ្រុងជ្រោយ និងចក្ខុវិស័យច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់នានាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ជាចុងបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តឲ្យសមាជិក សមាជិកាទាំងអស់ត្រៀមខ្លួនចូលរួមបោះឆ្នោត នាពេលដ៏ខ្លីខាងមុខឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើន៕