(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែងស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្រុងច្បារមននេះចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០១៨។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។
ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?
ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។ ខេត្តកំពង់កំពង់ស្ពឺ បានក្លាយជាខេត្តមួយនៃគោលដៅវិនិយោគរោងចក្រ សហគ្រាស និងទទួលបានផលប្រយោជន៍ពីនយោបាយពង្រាយរោងចក្រនេះ។ នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។
ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ។
បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី១៦ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៦លើក នេះ មានកម្មករ និយោជិតសរុបប្រមាណ ២៩ម៉ឺន ៧ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៣លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ៣ម៉ឺន ៩ពាន់នាក់ទៀត។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំផងដែរ។
ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមានរហូតដល់ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕