(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន ២៣៤គ្រួសារ។

អំណោយមនុស្សធម៌ទាំងនោះត្រូវបែងចែកជា២ទីតាំង ដោយទីតាំងទី១៖ នៅបរិវេណវត្តថ្មពេជ្រ ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ចំនួន ១៤០គ្រួសារ (បូកសរុប ឃុំថ្មពេជ្រ ១០៤គ្រួសារ និង៣៦គ្រួសារឃុំរកាពប្រាំ) និងទីតាំងទី២៖ នៅបរិវេណវត្តទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ចំនួន ៩៤គ្រួសារ ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទ បានពាំនាំបណ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារ និងមិនមានការដោះស្រាយអ្វីនោះឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច និងគ្រប់កាលៈទេសៈ។

លោកបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលតែងតែយកចិត្តទុកដាក់ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដោះស្រាយការលំបាកជូន បានទាន់ពេលវេលា ហើយឆាប់រហ័ស។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ ក៏បានក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពធាតុអាកាស មានការប្រែប្រួល ភ្លៀង ក្តៅ-ត្រជាក់ ទាំងនេះ អាចបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា សនិ្តភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ព្រោះប្រជាជនមានឱកាសរស់រាន និងរកទទួលទានមានបាន ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ គាំទ្ររាល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណដ៏សាកសមបំផុត។

បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា អំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រ ជួបការលំបាក សរុបចំនួន ២៣៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ មី ១កេស និងថវិកាមួយចំនួនផងដែរ៕