(ម៉ូស្គូ)៖ វិមានគ្រីមឡាំង (Kremlin) របស់រុស្ស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការសម្រេចរបស់គណៈកម្មាធិការ អន្តរជាតិ IOC ក្នុងការអនុញ្ញាតឲ្យអត្តពលិកគ្រប់ប្រភេទកីឡារុស្ស៊ី ចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល នាខែក្រោយនេះ។
សារព័ត៌មាន Reuters បានដកស្រង់សំដីរបស់អ្នកនាំពាក្យវិមានគ្រីមឡាំង លោក Dmitry Pesko ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃចន្ទ ទី២៥ ខែកក្កដានេះឲ្យដឹងថា «ជាការពិតណាស់ យើងសូមស្វាគមន៍ចំពោះការសម្រេចរបស់ IOC ក្នុងការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីគ្រប់រូប ចូលរួម Rio 2016 នាខែក្រោយនេះ ដែលយើងចាត់ទុកថា នេះជាការសម្រេចដោយភាពវិជ្ជមាន និងត្រឹមត្រូវ»។
ការចេញសេចក្តីថ្លែងការណ៍គាំទ្រនេះដែរ គឺត្រូវបានធ្វើឡើងតែរយៈពេល ១ថ្ងៃ ក្រោយពេល IOC បានសម្រេចធ្វើការ ប្រឆាំងទៅនឹងការមិនឲ្យអត្តពលិករុស្ស៊ី ចូលរួមប្រកួត Rio 2016 និងសូមឲ្យពន្យារការព្យួរជើងអត្តពលិករុស្ស៊ីមួយអន្លើសិន ដែលជាការរកឃើញដោយភ្នាក់ងារប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា WADA ដែលបានរកឃើញ ថា អត្តពលិករុស្ស៊ី មានការជាប់ពាក់ព័ន្ធនឹងការលួចប្រើសារធាតុហាមឃាត់ ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងារ 2014 Olympics ក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី កាលពី២ឆ្នាំមុន៕