(កំពង់ចាម)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិ និងប្រធាន អនុប្រធានក្រុមបក្សស្រុកស្ទឹងត្រង់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានលើកឡើងថា ប្រជាជនកម្ពុជាជាង៩០ភាគរយ ជាអ្នកកាន់ព្រះពុទ្ឋសាសនា ហើយព្រះពុទ្ធបរមគ្រូនៃយើង បានប្រៀនប្រដៅឲ្យយើងចេះស្គាល់គុណ ស្គាល់ទោស និងចេះដឹងគុណចំពោះអ្នកដែលធ្លាប់ជួយយើងនៅគ្រាលំបាក ជាពិសេសត្រូវជឿជាក់លើសច្ច:ធម៌ និងប្រវត្តិសាស្ត្រដែលយើងធ្លាប់ហែលឆ្លងកាត់ក្នុងជីវិតរបស់យើង។
បន្ទាប់ពីលោក ស៊ីន សុខុន ប្រធានគណបក្សស្រុកស្ទឹងត្រង់ ឡើងរាយការណ៍ពីសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសកម្មភាពការងារបក្សស្រុកស្ទឹងត្រង់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣រួចមក, ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងតែផ្តល់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក ទាំងការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមជាតិ និងអន្តរជាតិចំពោះយុទ្ធនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជំងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។
មួយវិញទៀត ថ្មីនេះរាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា «ព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ធផលទាំងអស់នេះ សុទ្ធតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
ដើម្បីរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៏មួយចំនួន ដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ដើម្បីយកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព៕