(កំពង់ចាម)៖ ប្រធានសហគមន៍ អាងមេទឹកបឹងក្រោល លោក សៀម សុផល បានឲ្យដឹងថា ប្រជាកសិកររស់នៅតំបន់អាងមេទឹកបឹងក្រោល មានសេចក្តីត្រេកអរដោយបានអាជ្ញាធរស្រុកបាធាយ រៀបចំ អនុញ្ញាតច្បាប់ឲ្យមានការស្ដារអាងមេទឹកបឹងក្រោល ដើម្បីស្តុកទឹកទុកឲ្យពួកគាត់ស្រោចស្របដំណាំនារដូវប្រាំងខាងមុខនេះ។

ប្រធានសហគមន៍រូបនោះ បានអះអាងដូច្នេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអាងមេទឹកបឹងក្រោល ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក សៀម សុផល បានឲ្យដឹងទៀតថា ជាច្រើនឆ្នាំមកហើយ នៅតំបន់មេទឹកនោះបាតអាងមានសភាពរាក់ មិនអាចស្តុកទឹកទុកបានច្រើន ដែលប្រការនេះ ធ្វើឲ្យប្រជាកសិករនៅតំបន់នោះ ខ្វះទឹកស្រោចស្របដំណាំនៅ រដូវប្រាំង។ ដូច្នេះហើយទើបថ្មីៗនេះ ប្រជាពលរដ្ឋបានមូលមតិគ្នា តាមរយៈសហគមន៍ ស្នើសុំមកអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុកបាធាយ សុំឲ្យជួយដល់ការស្ដារ អាងមេទឹកបឹងក្រោល ដើម្បីបានស្តុកទឹកទុក ស្រោចស្របល់ដំណាំ នៅរដូវរាំងស្ងួត។

ទាក់ទិនទៅនឹងការស្ដារអាងមេទឹកនោះដែរ មេឃុំបាធាយ លោក ឃុត ឃីម បានឱ្យដឹងថា តំបន់អាងមេទឹកបឹងក្រោល មានទំហំប្រមាណជា ៦ហិចតា។ ប៉ុន្តែតំបន់នេះ មានផ្ទៃដីរៀបស្មើ ហើយប្រជាពលរដ្ឋបានលើកទំនប់ ដែលហៅថាទំនប់សហគមន៍ ដើម្បីធ្វើជាអាងស្តុកទឹក យកទៅស្រោចស្របដំណាំរហូតមក។ ប៉ុន្តែមេទឹកនេះ ដោយសារបាតអាងរាក់ ចំនួនទឹកស្តុកមានតិច ធ្វើឱ្យប្រជាកសិកររងនូវការខ្វះទឹកស្រោចស្របដំណាំរបស់ពួកគាត់ ទើបពួកគាត់បានស្នើសុំមកអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយក្នុងការស្ដារបាតអាងទឹកនោះ។

លោកមេឃុំបានបញ្ជាក់ថា បន្ទាប់ពីមានច្បាប់អនុញ្ញាតត្រឹមត្រូវ ខាងម្ចាស់គ្រឿងចក្រ បានឯកភាពជាមួយប្រជាពលរដ្ឋ ធ្វើការស្ដារបាត់អាង និងលើកទំនប់បន្ថែម ធ្វើជាផ្លូវរហូតដល់ថ្នល់ជាតិ ដែលប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋ នៅតំបន់នេះ មានការសាទរជាខ្លាំង ចំពោះការជួយសម្របសម្រួលពីអាជ្ញាធរស្រុកបាធាយ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ចាម ផងដែរ។

ទន្ទឹមនិងនេះដែរ ម្ចាស់គ្រឿងចក្រ លោក ហ៊ឹម ច័ន្ទមករា បានឱ្យដឹងផងដែរថា ការស្ដារបាតអាងមេទឹកបឹងក្រោល គឺលោកទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ និងបានចាប់ដំណើរការ ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ រហូតបច្ចុប្បន្ននេះបានលទ្ធផល ៤០%ហើយ និងគ្រោងបញ្ចប់នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

ទាក់ទិនផ្លូវច្បាប់ ប្រធានមន្ទីររ៉ែ និងថាមពល លោក លី ចាន់ធី បានឲ្យដឹងដែរថា ការស្តារតំបន់មេទឹកបឹងក្រោល ម្ចាស់គ្រឿងចក្រ មានឯកសារច្បាប់អនុញ្ញាតចេញពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម តាមរយៈសំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ និងរដ្ឋបាលស្រុកបាធាយ និងមានលិខិតអនុញ្ញាតជាលិខិតសិប្បកម្មរ៉ែ ពីរដ្ឋបាលស្រុកបាធាយ។

ចំពោះការស្ដារមេទឹកដែលមានប្រវែងលើសពីមួយហិចតា គឺអាជ្ញាធរស្រុកបាធាយ បានរៀបចំឲ្យមានគ្រឿងចក្រ ៣ម្ចាស់រួមគ្នា សុទ្ធតែមានអាជ្ញាប័ណ្ណសិប្បកម្មរ៉ែ ដើម្បីស្ដារឲ្យបានទាន់ពេលវេលា ក្នុងរដូវវស្សា។ ម្យ៉ាងទៀតម្ចាស់អាជ្ញាប័ណ្ណគ្រឿងចក្រសុទ្ធតែបានមកស្វ័យប្រកាសសួយសារ៉ែ រួចរាល់ហើយដែរ៕