(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក NIU Haifeng អគ្គនាយករង ទទួលការងារសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

មន្រ្តីនគរបាលជាន់ខ្ពស់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គោលបំណង នៃការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងសន្តិសុខចិន នាពេលនេះ គឺអនុវត្តទៅតាមផែនការសហប្រតិបត្តិការ របស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន និងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់បំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈការិយាល័យសម្របសម្រួលអនុវត្តច្បាប់ រួមទាំងការជំរុញការសាងសង់អគារទីបញ្ជាការនគរបាលជាតិ។

មន្រ្តីនគរបាលជាន់ខ្ពស់ កម្ពុជា-ចិន ក៏បានឯកភាពគ្នាលើការងារមួយចំនួនរួមមាន៖

*ទី១៖ បន្តពង្រឹងអនុវត្តកិច្ចសហការស្របតាមខ្លឹមសារដូចមានចែងក្នុងផែនការក្រសួងទាំងពីរ
*ទី២៖ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហការអនុវត្តច្បាប់ដែលភាគីកម្ពុជា-ចិនសម្រេចបាន និងបានខិតខំរិះរកវិធីសាស្រ្តស្របតាមគោលការណ៍ច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយៗ ដើម្បីដោះស្រាយ រាល់បញ្ហាប្រឈមដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ
*ទី៣៖ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈយន្តការការិយាល័យសម្របសម្រួល ភាគីទាំងពីរឯកភាពប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានទាន់ពេល និងការគោរពអធិបតេយ្យភាពគ្នា ដូចមានកំណត់ក្នុងខ្លឹមសារនៃ MoU និងផែនការសហប្រតិបត្តិការក្រសួងទាំងពីរ។ ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការនេះ ភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតជា SOP រួមគ្នាមួយ ដែលជាផែនទីបង្ហាញផ្លូវក្នុងការចាត់តាំងកិច្ចប្រតិបត្តិការ។
*ទី៤៖ គាំទ្រចំពោះគំនិតផ្តួចផ្តើមសម្រាប់បើកវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ដើម្បីកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ បម្រើឲ្យកិច្ចប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីចិនបានបញ្ជាក់អំពីការខិតខំដោះស្រាយសំណូមពរកម្ពុជា ពាក់ព័ន្ធ និងការគាំទ្រជាមធ្យោបាយ ឧបករណ៍សម្ភារបច្ចេកទេសបម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ទៅតាមដំណាក់កាល និងស្ថានភាពជាក់ស្តែង។
*ទី៥៖ គាំទ្រឲ្យក្រុមជំនាញបច្ចេកទេសរបស់ភាគីទាំងពីរ ជួបពិភាក្សាគ្នាឲ្យបានញឹកញាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់ទីបញ្ជាការនគរបាលជាតិ ដើម្បីជំរុញដំណើរការសាងសង់ឲ្យបានឆាប់រហ័ស៕